ភ្នំពេញ៖ កម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧នឹង៤០នាទី នៅចំណុចភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទិត្យ ស៊ីណារិទ្ធ ហៅឡេភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ មានទីលំនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ អាត ប៉េងអាន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រកដ មានទីលំនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល(ឃាត់ខ្លួន)។
ដោយឡែកសម្ភារបាត់បង់មាន ម៉ូតូចំនួន០១គ្រឿងម៉ាក់SUZUKI LETSពណ៌ស ស៊េរីឆ្នាំ២០១៥.លេខម៉ាស៊ីន AE52-404969 លេខតួCE45D-405047ពាក់ផ្លាកលេខភ្នំពេញ1CS-5102 ។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានយកម៉ូតូសង្សាររបស់ខ្លួន ជិះមកលេងផ្ទះឈ្មោះ ឈឿន ហេង ភេទប្រុស ភូមិព្រែកក្របៅទី៣.ឃុំព្រែកអំពិល ពេលនោះជនសង្ស័យបានដើរ មកដល់រួចសុំប្រាក់ជនរងគ្រោះចំនួន ៥០០០រៀល ហើយខ្ចីម៉ូតូជនរងគ្រោះថាទៅទិញបាយហូប ពេលខ្ចីម៉ូតូបានជនសង្ស័យ បានជិះម៉ូតូទៅភ្នំពេញបាត់ មិនឃើញត្រលប់មកវិញ ដល់ពេលយប់មិនឃើញជនសង្ស័យ យកម៉ូតូមកប្រគល់ឲ្យ ខ្លួនក៏ដើរមកផ្ទះវិញ។ លុះមកដល់ថ្ងៃទី១៧ ខែឆ្នាំដដែល វេលាម៉ោង ១០និង០០នាទី ជនសង្ស័យត្រលប់មកផ្ទះវិញ តែមិនឃើញម៉ូតូជនរងគ្រោះ ពេលនោះជនរងគ្រោះបានមក ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល រដ្ឋបាលព្រែកអំពិល ហើយកម្លាំងប៉ុស្តិ៍ឃាត់ខ្លួន ជនសង្ស័យតែម្ដងដើម្បីសួរនាំ។
តាមចម្លើយ របស់ជនសង្ស័យបញ្ជាក់ថា ខ្លួនពិតជាបានយកម៉ូតូជនរងគ្រោះជិះទៅភ្នំពេញ ហើយទៅទុកនៅមុខវាំង ត្រូវចោរលួចបាត់។ ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿង បន្តអនុវត្តតាមនីតិវិធីច្បាប់៕