ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូរីដ-១៩ម្នាក់ ថ្មីដែលទើបធ្វើដំណើរមកពីអាមេរិក និងមិនមានករណីជាសះស្បើយ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ថ្មីនេះ ជាស្ត្រីជនជាតិខ្មែរអាយុ ៤៩ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។លទ្ធផលធ្វើតេស្តវត្ថុសំណាក របស់បុគ្គលខាងលើ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបាន ដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១២៤នាក់ ដែលនៅក្នុងចំនួននេះ មានបុគ្គលខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន១២៣នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅអនុវិទ្យាល័យបុរី ១០០ខ្នង, សណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ និងស្ថានទូតជប៉ុនចំនួន១នាក់។
ដោយឡែកសម្រាប់ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកជំងឺកូវីដ-១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា នៅសល់ចំនួន ៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ជាថ្ងៃត្រូវធ្វើតេស្តលើកទី៤ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកាទាំងអស់ ដើម្បីរួមគ្នាបញ្ចប់ស្ថានភាព ចម្លងវីរុសកូវីដ១៩ នៃព្រឹត្តិការណ៍៣វិច្ឆិកា និងបញ្ជាក់ពីភាពមាន ឬគ្មានការចម្លងកូវីដ១៩ ចំពោះបុគ្គលដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវី១៩ កន្លងមកនេះ ហើយក៏សម្រាប់ការអាចបានវិលត្រឡប់ទៅកាន់ការរស់នៅធម្មតា តាមបែបគន្លងថ្មីវិញផងដែរ។
សូមបញ្ជាក់គិតត្រឹមព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ សរុប ចំនួន៣០៤នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុបចំនួន ២៩១នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុប១៣នាក់ (គ្មានអ្នកស្លាប់)៕