បុរសម្នាក់ជិះម៉ូតូទៅ លោតទឹកសម្លាប់ខ្លួន លុះនឹកឃើញរឿងមួយ ខំហែលទឹកឡើងគោកវិញ

0

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូសំដៅទៅ លោតទឹកសម្លាប់ខ្លួន លើស្ពានជ្រោយចង្វារចាស់ លុះពេលទម្លាក់ខ្លួនដល់ទឹកទន្លេ ស្រាប់តែនឹកឃើញ ប្តូរចិត្តលែងចង់ស្លាប់វិញ ខំប្រឹងហែលទឹកមកលើគោកវិញ រហូតរួចផុតពីសេចក្តីស្លាប់ ។ ហេតុការណ៍នេះ កើតឡើង កាលពីម៉ោង ៩៖៣០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើស្ពានជ្រោយចង្វារចាស់ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បានជិះម៉ូតូ ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HE-0780 មកឈប់នៅលើស្ពានជ្រោយចង្វារចាស់ ហើយបានឡើងតោងបង្កាន់ដៃស្ពាន រួចលោតទម្លាក់ខ្លួនចូលទៅក្នុងទឹកបាត់ ដោយបន្សល់ទុកទូរស័ព្ទ១គ្រឿង លុយចំនួន៤ម៉ឺនរៀល និងខ្សែដៃ១ខ្សែ ទុកនៅលើកែបម៉ូតូរបស់ខ្លួន ហើយសមត្ថកិច្ចបានយកម៉ូតូ និងសម្ភាររបស់ជនរងគ្រោះ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលជ្រោយចង្វារ។

លុះប្រមាណ ១០នាទី ក្រោយមក ស្រាប់តែបុរសគិតខ្លីនោះ ខំប្រឹងហែលតោងទូកអ្នកនេសាទ ឡើងលើគោកវិញនៅម្តុំវត្តភ្នំ ព្រោះរូបគេប្តូរចិត្តលែងចង់ស្លាប់វិញ ហើយត្រូវសមត្ថកិច្ចនាំ យកមកកាន់ប៉ុស្តិ៍នគរបាលជ្រោយចង្វារ ធ្វើការសាកសួរ និងណែនាំអប់រំ រួចទាក់ទងទៅក្រុមគ្រួសារ មកទទួលទៅផ្ទះ ៕