ឆៅម៉ង! មន្ត្រីនគរបាលម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយដកកាំភ្លេីងភ្ជង់គំរាមប្រពន្ធគេ ឱ្យដោះសម្លៀកបំពាក់ រួចចាប់រំលោភរហូតបានសម្រេច

0

ភ្នំពេញ៖ ជនសង្ស័យជាមន្ត្រីនគរបាលម្នាក់ ត្រូវបានសមត្ថកិច្ចដេញចាប់ខ្លួន ក្រោយដកកាំភ្លេីងភ្ជង់គំរាមប្រពន្ធគេ ឱ្យដោះសម្លៀកបំពាក់ រួចចាប់រំលោភរហូតបានសម្រេច ហើយព្យាយាមរត់គេចខ្លួន តែត្រូវជនរងគ្រោះ និងសមត្ថកិច្ចប្រើល្បិច ធ្វើជាណាត់ជួបគ្នាដើម្បីចាប់ខ្លួន ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១០ និង២០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចវិមានឈ្នះឈ្នះ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខេម វណ្ណឌី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរជានគរបាលជាតិ ស្នាក់នៅភូមិបាក់ខែង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ (ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២០) ។ ចំណែកជនរងគ្រោះ មានអាយុ ២៦ឆ្នាំ ស្នាក់នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

វត្ថុតាងដកហូតរួមមាន៖ កាំភ្លើងម៉ាក ROLO លេខ 874015 ចំនួន១ដើម, គ្រាប់កាំភ្លើងចំនួន ០៥គ្រាប់, រថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ស៊េរី ១៩៩៤ ពាក់ស្លាកលេខ ភ្នំពេញ 2W-4327 មួយគ្រឿង និងទូរសព្ទ ១គ្រឿង ។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងគ្រោះនិងប្តី បានជិះម៉ូតូម៉ាកហុងដា ចេញពីផ្ទះមកដកក្រអៅឈូកនៅចំណុចកើតហេតុ ដោយប្តីបានឲ្យប្រពន្ធដែលជាជនរងគ្រោះនៅឈរចាំម៉ូតូ ហើយប្តីជាអ្នកចុះទៅដក ។ មួយសន្ទុះក្រោយមកជនសង្ស័យ បានជិះម៉ូតូមកឈប់ក្បែររបង រួចបានដើរសំដៅមករកជនរងគ្រោះ ដោយសួរថាប្តីទៅណា? តែជនរងគ្រោះមិនតបនោះទេ រួចជនសង្ស័យក៏ពឹង ជនរងគ្រោះឲ្យជួយបង្វែរក្បាល ទូកនៅក្បែរនោះ តែជនរងគ្រោះបដិសេធ ហើយក៏ដើរចេញមកក្រៅរបងថ្ម ក៏ត្រូវជនសង្ស័យដកកាំភ្លើងម៉ាក ROLO មកភ្ជង់ដើមទ្រូង បង្ខំឲ្យជនរងគ្រោះដោះសម្លៀកបំពាក់ រួចចាប់រំលោភរហូតបានសម្រេច ។ ពេលនោះ ជនរងគ្រោះក៏ប្រើល្បិច ធ្វើជាសុំលេខទូរសព្ទ ជនសង្ស័យ ដើម្បីទុកសម្រាប់ទាក់ទងគ្នា ពេលក្រោយ ហើយជនសង្ស័យ ក៏បានឲ្យលេខទូរសព្ទ រួចបានដើរទៅយកម៉ូតូជិះគេច ទៅទិសខាងកើតបាត់ ។

ក្រោយមកជនរងគ្រោះ បានមកប្តឹងសមត្ថកិច្ច ប៉ុស្តិ៍គោករកា ដោយសមត្ថកិច្ចបាន សហការជាមួយជនរងគ្រោះ ប្រើល្បិចតេហៅជនសង្ស័យ ណាត់ជួបជនរងគ្រោះម្តងទៀត នៅចំណុចផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ លុះជនសង្ស័យមកដល់ ឃើញសមត្ថកិច្ច ក៏ព្យាយាមបើករថយន្តម៉ាកកូរ៉ូឡា ស៊េរី១៩៩៦ គេចរហូតដល់ចំណុចវិមានឈ្នះឈ្នះ ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង ដកហូតបានទាំងវត្ថុតាងថែមទៀត ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕