អាសូរណាស់! ស្ត្រីម្នាក់បានស្លាប់ ក្រោយបាក់កញ្ចុះលេីទឹក ក្នុងផ្ទះវីឡាមួយកន្លែង

0

ភ្នំពេញ៖ ស្ត្រីម្នាក់វ័យ៦១ឆ្នាំ បានបាត់ខ្លួនកប់ ក្នុងកញ្ចុះលើផ្ទៃទឹក ដោយសារផ្ទះទំនើបមួយស្រុតចូលក្នុងទឹក ស្ទើរទាំងស្រុង តាំងពីវេលាម៉ោងប្រហែល១០ព្រឹក ថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច នៅវេលាម៉ោងប្រហែល៦ព្រលប់ ដោយសារសាច់ញាតិ ក៏ដូចជាកូនស្រីបង្កើតជនរងគ្រោះ រកជនរងគ្រោះ មិនឃើញដូចសព្វដង ។

ហេតុការណ៍នេះ បានកើតឡើង នៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងភូមិ សំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប៉ុន្តែម្ចាស់ផ្ទះ ហាក់មានការលាក់លៀម ជាមួយក្រុមគ្រួសាសព និងអាជ្ញាធរមូលដ្ឋាន ដើម្បីរកគ្រប់វិធី កាយរកសាកសព រហូតល្ងាចថ្ងៃដដែលទើបបែករឿង ។

តាមប្រភពឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ហ៊ុន សំបូរ អាយុ៦១ឆ្នាំ ទីលំនៅភូមិកើតហេតុ មុខរបរជាអ្នកអនាម័យនៅផ្ទះវីឡាខាងលើ ហើយស្រ្តីរងគ្រោះជាធម្មតា តែងត្រឡប់មកផ្ទះវិញ ក្រោយបំពេញកិច្ចការរួច ព្រោះផ្ទះជនរងគ្រោះ នៅចម្ងាយប្រហែល៥០ម៉ែត្រ ពីផ្ទះកើតហេតុ។

បើតាមប្រភពពីអ្នកភូមិ បានឲ្យដឹងថា ផ្ទះទំនើបលើផ្ទៃទឹកនេះ មានម្ចាស់ឈ្មោះ បញ្ញា មានលុយមហាស្តុកស្តម្ភ ជាម្ចាស់បុរី វីឡាទំនើប និងដីឡូត៍ជាច្រើនកន្លែង ហើយផ្ទះទំនើបនេះ មានទំហំគួរសម និងមានកម្ពស់២ជាន់ បានស្រុតចូលក្នុងទឹក តាំងពីវេលាព្រឹកមកម្ល៉េះ តែម្ចាស់ផ្ទះព្យាយាម លាក់បាំង ព័ត៌មាន បិទទ្វាររបងជិត សង្ងំឲ្យកម្មករកាយ និងបូមទឹកចេញ រហូតអស់លទ្ធភាព រកសពមិនឃើញ ដល់វេលាល្ងាចថ្ងៃដដែល សាច់ញាតិជនរងគ្រោះ ផ្អើលថាបាត់ជនរងគ្រោះទើបបែកធ្លាយការពិតតែម្តង ។

ទោះជាយ៉ាងណា ក្រោយបែកធ្លាយករណីនេះ គេក៏បានឃើញ សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ប៉ុន្តែសាកសព ស្រ្តីខាងលើ នៅមិនទាន់រកឃើញនៅឡើយ ដោយសារទឹកបូមចេញមិនទាន់អស់ ៕