រដ្ឋមន្ត្រីការបរទេស ទទួលបានលទ្ធផលតេស្ដអវិជ្ជមានកូវីដ១៩ ជាលើកទី៣

0

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តការអន្តរជាតិ នៅមុននេះបន្តិចបានបញ្ជាក់ថា រូបលោក ទទួលបានលទ្ធផល តេស្ដអវិជ្ជមានកូវីដ១៩ ទាំងអស់គ្នា នៅលើកទី៣នេះ។

លោក ប្រាក់ សុខុន បានសរសេរបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ យ៉ាងដូចច្នេះថា «សួស្តី សហសេវិក សហការីមិត្តភក្តិ បងប្អូនទាំងអស់  ដូចគ្នានឹងលទ្ធផលនៃការធ្វើតេស្តជូនសម្តេចតេជោ និងក្រុមគ្រួសារសម្តេចដែរ ខាងខ្ញុំឯណេះក៏បានលទ្ធផល អវិជ្ជមានទាំងអស់គ្នាដែរ។ »

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ក៏សូមអរគុណដ៏ស្មោះដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ខ្ពស់ ដល់ការធ្វើតេស្ត ផ្តល់ដំបូន្មានល្អ និងតាមដានសុខភាពក្រុមគ្រួសារខ្ញុំ និងខ្ញុំ ក៏ដូចជាសុខភាពមន្ត្រី បុគ្គលិក ក្នុងក្រសួងការបរទេសផង។

លោកក៏សូមជូនពរដល់អ្នកទាំងឡាយ ដែលកំពុងសំរាកព្យាបាល សូមឆាប់ជាសះស្បើយ ទាំងអស់គ្នា។

សូមរំលឹកថា បើតាមការបញ្ជាក់ ពីលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល   បញ្ជាក់ថា សំណាករបស់អ្នកដែលពាក់ព័ន្ធ នឹងព្រឹត្តិការណ៍៣វិច្ឆិកា  ជាង៩៩ភាគរយ គឺទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ក្រោយពីបានការធ្វើតេស្ត ចំនួន២ដងរួចមកហើយ ។នេះបើយោងតាម ក្រសួងព័ត៌មាន។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន៣០២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ សរុបចំនួន២៨៩នាក់ និងកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យសរុប១៣នាក់ (គ្មានអ្នកស្លាប់)៕