ភ្នំពេញ៖ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងជំនាញ របស់ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល រាជធានីភ្នំពេញ បានសហការជាមួយកម្លាំង ជំនាញរបស់ការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការឃាត់ខ្លួន និងចាប់បញ្ចូនទៅតុលាការ ក្រោយធ្វើសកម្មភាព យកដុំថ្មគប់ប្លន់យកម៉ូតូ ម៉ាកហុងដាសេ១២៥ នៅចំណុចម៉ាត PM ផ្លូវលេខ២០០៤។
យោងតាមរបាយការណ៍របស់លោក ប៊ុត សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ កម្លាំងជំនាញ របស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានសហការជាមួយកម្លាំង ជំនាញរបស់ការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពត ស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យចំនួន ០២នាក់ នៅចំណុចកន្លែងកំសាន្ដទំនប់ប្រទាក់ក្រឡា ភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត និងចាប់យកម៉ូតូចំនួន០២ គ្រឿង ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្ត អំពើហិង្សា (យកដុំថ្មគប់ប្លន់យកម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០២០ ពាក់ស្លាកលេខ ភ្នំពេញ ១II៣៥៥៩) ប្រព្រឹត្តនៅចំណុចម៉ាត PM ផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២ និង៥០ នាទី បញ្ជូនមកការិយាល័យ ដើម្បីសាកសួរចាត់ការតាមនីតិវិធី ។
ជនសង្ស័យទី១-ឈ្មោះ ចាន់ ថន ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ។ និងទី២-ឈ្មោះ អៀ គីមស៊្រន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ។
ចំណែក ឯជនរងគ្រោះ មានឈ្មោះ ស៊ន វិសាល ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នកដឹកជញ្ជូនអីវ៉ាន់ ស្នាក់នៅផ្ទះលេខ៦០៩ ផ្លូវបេតុង ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានដកហូតសម្ភារៈដូចជា៖
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០២០ គ្មានស្លាកលេខ ។
-ស្លាកលេខ ភ្នំពេញ ១II៣៥៥៩ ចំនួន មួយបន្ទះ ។
-ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌សលឿង ពាក់ស្លាកលេខ ភ្នំពេញ១GT ៣០២២ ។
-ទូរសព្ទ័ដៃចំនួន ០៤ គ្រឿង ម៉ាកអាយហ្វូន ចំនួន ០២ គ្រឿង ម៉ាកអុបប៉ូ ចំនួន ០១ គ្រឿង និងម៉ាកវីវ៉ូ ចំនួន ០១ គ្រឿង ។
សម្ភារៈបាត់បង់ ៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០២០ លេខតួ លេខម៉ាស៊ីន ៥៧៦១៧១៩ ពាក់ស្លាកលេខ ភ្នំពេញ ១II៣៥៥៩
បច្ចុប្បន្ននេះជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕