សមត្ថកិច្ចចាប់ខ្លួន បងស្រីបង្កេីត ថៅកែហាងពេជ្រ ទ្រី ដាណា

0

ភ្នំពេញ៖ បងស្រីរបស់អ្នកលក់ផលិតផលអនឡាញ និងជាថៅកែហាងពេជ្រ ទ្រី ដាណា ដែលជាអ្នកលក់ផលិតផលតាមអនឡាញដូចគ្នាដែលមានឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃចាប់ខ្លួន នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការចាប់ខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»

ជនត្រូវចោទរូបនេះ ត្រូវបានតុលាការបង្គាប់ឲ្យចូលទៅបំភ្លឺ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែជនត្រូវចោទយកលេសថា មិនអាចចូលទៅបង្ហាញខ្លួន បានដោយសារបញ្ហាសុខភាព «ផ្តាសាយធំ» ប៉ុន្តែធាតុពិតជនត្រូវចោទរូបនេះ បានបង្ហោះលក់ផលិតផលតាមហ្វេសប៊ុកជាបន្តបន្ទាប់។

ជនត្រូវចោទ ទ្រី សុផានិត ត្រូវបានឃាត់ខ្លួនបញ្ជូនបន្តទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី៕