អង្គរក្សជនជាតិខ្មែរម្នាក់ ជាអ្នកការពារគណៈប្រតិភូហុងគ្រីផ្ទាល់  ត្រូវបានធ្វើតេស្ដ រកឃើញវិជ្ជមានវីរុសកូវីដ១៩  

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអោយដឹងថា សម្តេចបានទទួលដំណឹង ដ៏គួរឱ្យសោកស្តាយមួយថា មានអង្គរក្សម្នាក់ ជាជនជាតិខ្មែរ ដែលការពារផ្ទាល់គណៈប្រតិភូហុងគ្រី ពេលធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា បានឆ្លងមេរោគកូវីដ១៩។ ជាមួយគ្នានេះសម្ដេចតេជោ នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធ ទាំងអស់យកចិត្តទុកដាក់ធ្វើចត្តាឡីស័ក ឱ្យបានម៉ត់ចត់ផងដែរ។

តាមរយៈខ្សែរសម្លេងរយៈពេលជាង៧នាទី សម្តេចតេជោ បានបញ្ជាក់ថា លទ្ធផលធ្វើតេស្តរបស់អង្គរក្សរូបនោះ បានបង្ហាញនៅថ្ងៃទី០៧ ខែវិច្ឆិកានេះថា រូបគេមានវិជ្ជមានមេរោគកូវីដ១៩ ។

សម្ដេចបន្ថែមថាអង្គរក្សម្នាក់នោះ មានអាយុ ៣១ឆ្នាំ ជាអង្គរក្សការពារផ្ទាល់ជូនប្រតិភូ ដែលមានអាសយដ្ឋាននៅសង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភំ្នពេញ។ រូបគេចេញរោគសញ្ញាក្តៅខ្លួន ដោយមានកំដៅ ៣៦.៤ អង្សារសេ រមាស់បំពង់កបន្តិច និងក្អកបន្តិចបន្តួច គាត់ពាក់មាស់ជាប់ពេលរួមដំណើរជាមួយគណៈប្រតិភូ ពេលនេះគាត់កំពុងធ្វេីចត្តាទ្បីស័ក។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា នេះជាព័ត៌មានដ៏គួរឱ្យសោកស្តាយ និងជាគ្រោះធំមួយ។ សម្តេចបានអំពាវនាវដល់អ្នកដែលបានទាក់ទងផ្ទាល់ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី ឱ្យយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា ក្នុងការធ្វើចត្តាឡីស័ក ហើយអំពាវនាវឱ្យក្រសួងពាក់ព័ន្ធជាពិសេសក្រសួងសុខាភិបាល ត្រូវតាមដានចំពោះអ្នកធ្វើចត្តាឡីស័កឱ្យបានច្បាស់លាស់។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធទាំងអស់រួមគ្នាជម្នះនូវឧបស័គនេះ ហើយត្រូវរក្សាអនាម័យ ក៏ដូចជាអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមវិធានការសុខាភិបាល។

ក្នុងឱកាសនោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានដាក់បទបញ្ជាឱ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិភាក្សាជាមួយ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដើម្បីរៀបចំកន្លែង ឱ្យបានសមរម្យ ដើម្បីធ្វើចត្តាឡីស័ក ដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលមិនមានលទ្ធភាព ធ្វើចត្តាឡីស័ក ដោយការចំណាយទាំងអស់ រាជរដ្ឋាភិបាលជាអ្នករាប់រង ៕