ភ្នំពេញ៖ ក្រុមជនសង្ស័យប្រុសស្រី ជាងដប់នាក់ ប្រដាប់ដោយដំបងនិងដុំថ្ម បានស្ទាក់វាយប្លន់ បុរសជនជាតិឥណ្ឌា ម្នាក់ ខណៈដែលគាត់កំពុងរុញរទេះដើរ លក់នំរ៉ូទី យកលុយអស់រលីងនិងពងទាជិត១០០គ្រាប់ រួចរត់គេចខ្លួន បាត់ស្រមោល។
យោងតាមប្រភពព័ត៌មាននានា បានអោយដឹងថា ហេតុការណ៍នេះបានកើតឡើង កាលវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ឌោយផ្លូវលេខ២១៧ ត្រង់ចំណុចមុខវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានរុញរទេះដើរ លក់នំរ៉ូទី តាមបណ្ដោយផ្លូវលេខ២១៧ ពីកើតទៅលិច ក្នុងគោលបំណង ទៅផ្ទះជួលនៅម្ដុំលូប្រាំ ។ លុះមកដល់ចំណុចកើតហេតុ ខាងលើ ស្រាប់តែលេចមុខ ជនសង្ស័យប្រុសស្រី ជាងដប់នាក់ ប្រដាប់ដោយដំបង និងដុំថ្ម បានធ្វើសកម្មភាពវាយមកលើ រូបគាត់ប្លន់យកលុយអស់៣៨ម៉ឺនរៀល ពងទាជិត១០០គ្រាប់ និងសម្ភារមួយចំនួនទៀត ។
ក្រោយធ្វើសម្មភាព វាយប្លន់បានហើយ ពួកជនទាំងនោះបានរត់គេចខ្លួន ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចឡើយ ។
ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមាន១ដែរ តែដោយសារបុរសជនជាតិឥណ្ឌានេះ ចេះភាសាខ្មែរតិចតួចនោះទេីប សមត្ថកិច្ចបានប្រាប់ថា ចាំព្រឹកឡើង សឹមមកដាក់ពាក្យបណ្ដឹង ៕




