ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស ៧នាក់បានស្លាប់ និង៥នាក់រងរបួស ដោយសារតៃកុងងងុយ ដេកលក់មួយភាំង បើករថយន្តក្រឡាប់ផ្ងារជើងដោយខ្លួនឯង។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ២៖៤០នាទី ទៀបភ្លឺថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ 246-247 ក្នុងភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។
បើតាមព័ត៌មានបឋម ពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តជួបគ្រោះថ្នាក់ចរាចណ៍ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម 2A-8469 បើកបរដោយជនជាតិខ្មែរ មិនទាន់ស្គាល់អត្តសញ្ញាណ (ស្លាប់) ដឹកអ្នករួមដំណើរ ជនជាតិវៀតណាម ១១នាក់ ប្រុស ៦នាក់ស្រី ៥នាក់។
ករណីនេះបណ្តាលឲ្យស្លាប់ មនុស្ស ៧នាក់ ស្រី ៣នាក់ និងរបួសស្រាល ៥នាក់ ។ តាមសន្និដ្ឋានរបស់សមត្ថកិច្ច បានឲ្យដឹងថា មូលហេតុបណ្ដាលមកពី បើកបរក្នុងស្ថានភាពងងុយដេក និងមានល្បឿនលឿន។ ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចនៅមិនទាន់ បញ្ជាក់លម្អិតនៅឡើយទេ ៕