ភ្នំពេញ៖ ដោយអនុវត្តតាមការដឹកនាំចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ថ្ងៃទី០៤ ខែវច្ឆិកា ឆ្នាំ២០២០ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ផែនការងារសន្តិសុខ និងកម្លាំងអធិការដ្ឋាន នគរបាលក្រុង បានចុះស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីគំរាមហែកកេរ្ត៍ និងកំហែងទាប្រាក់ តាមfacebook (តាមបណ្តឹងជនរងគ្រោះ) ដោយចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ អ៊ុង ចន្ថា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មន្ត្រីមន្ទីរព័ត៌មានខេត្តកែប រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ។
យោងតាមស្នងការដ្ឋាននគរបាល ខេត្តកែប បានអោយដឹងថា ក្រោយធ្វើការសាកសួរជនសង្ស័យ បានសារភាពថាខ្លួនពិត ជាបានប្រព្រឹត្តិលើករណីនេះ ជាច្រើនលើកមកហើយ។ ជនសង្ស័យយើងកំពុងបំពេញ សំណុំរឿងបញ្ជូន ទៅសាលាដំបូង ចាត់ការតាមផ្លូវច្បាប់។
សូមសំណូមដល់បងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសបុក សូមប្រុងប្រយ័ត្នចំពោះ ល្បិចកលផ្សេងៗ របស់ជនបោកប្រាស់ តាមបណ្តាញសង្គមហ្វេសបុក បើមានការសង្ស័យ សូមសហការរាយការណ៍ ជូនកម្លាំងមានសមត្ថកិច្ច ដែលនៅជិតលោកអ្នកបំផុត៕