ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ បន្ទាប់ពីបញ្ជូនបន្ត ទៅសង្គ្រោះព្យាបាល នៅរាជធានីភ្នំពេញ ខណៈត្រូវជនសង្ស័យរស់នៅ ក្បែរផ្ទះគ្នាមានជម្លោះជាមួយប្រពន្ធ ហើយត្រូវបានជនរងគ្រោះស្រែកថា «ថ្លង់ណាស់ រកដេកពួនមិនបាន» ទើបបង្កជាហិង្សាចាក់សម្លាប់ ផ្អើលទាំងយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិស្វាយពក ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ច នគរបាលស្រុករមាសហែក បានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះតូច សាវាន អាយុ៤៤ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិស្វាយពក ឃុំដូង ស្រុករមាសហែក។ ចំណែកជនសង្ស័យដែល កំពុងរត់គេចខ្លួនឈ្មោះ ឆម តាក់ អាយុ២៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុបុរសសង្ស័យឈ្មោះ ឆម តាក់ បានមានជម្លោះទាស់ពាក្យសម្តីគ្នា ជាមួយប្រពន្ធយ៉ាងខ្លាំង រហូតឮសំឡេងរំខានដល់ ជនរងគ្រោះដែលនៅផ្ទះក្បែរគ្នា ស្រែកប្រាប់ថា «ឈប់ឈ្លោះគ្នាទៅថ្លង់ អ្នកជិតខាងណាស់ ទុកឲ្យគេឯងដេកពួនផង» ខណៈនោះស្រាប់តែជនសង្ស័យ ខឹងយ៉ាងខ្លាំងក៏លោតផ្លោះរបង ចូលទៅក្នុងផ្ទះជនរងគ្រោះ ដោយបានយកដែកចុងស្រួចចាក់ ទៅលើជនរងគ្រោះចំនួន ៣កន្លែងគឺត្រូវចំពោះ ១កន្លែង ស្មាឆ្វេង១កន្លែង និងលើត្រចៀកឆ្វេង១កន្លែង បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បង្កការភ្ញាក់ផ្អើលពេញភូមិតែម្ដង។
ក្រោយកើតហេតុបុរសជា ជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យស្រុករមាសហែក តែដោយសាររបួសធ្ងន់ធ្ងរ ពេកគ្រូពេទ្យបានបញ្ជូនទៅ មន្ទីរពេទ្យខេត្ដ ហើយត្រូវបានបញ្ជូនបន្ត ទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ តែដល់កណ្ដាលផ្លូវក៏បានស្លាប់គួរឱ្យអាសូរ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតាម ស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕