បើមានសិស្សកើតជំងឺកូវីដ១៩ ក្រសួងអប់រំ នឹងបិទសាលានោះ ជាបណ្ដោះអាសន្ន

0

ភ្នំពេញ៖ ក្នុងគោលដៅដើម្បី បន្តទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ក្រសួបអប់រំ នឹងបិទសាលារៀនជាបណ្ដោះអាសន្ន បើសិនសាលានោះ មានសិស្សានុសិស្ស ឆ្លងជំងឺកូវីដ១៩ ។

ក្នុងឱកាសដាក់ឲ្យដំណើរ ការបើកសាលារៀនឡើងវិញ នៅដំណាក់កាលទី៣ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ចាប់តាំងពីថ្ងៃបិទសាលារៀន បណ្ដោះអាសន្ន កាល ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ក្រសួងបានរៀបចំ ការបង្រៀនតាមអនឡាញ ប៉ុន្ដែការរៀនតាមអនឡាញនេះ មានសិស្សខ្លះរៀនមានគុណភាព ចំណែកសិស្សខ្លះទៀត មិនមានគុណភាព។

លោករដ្ឋមន្ត្រីបញ្ជាក់ថា «យើងឃើញថា គោលដៅរបស់ក្រសួងដែលបានដាក់ចេញ ដែលយើងមានការព្រួយ បារម្ភដែរ។ ការបើកដំណើរការឡើងវិញនេះ វាអាចមានហានិភ័យ ប៉ុន្ដែជាក់ស្ដែងយើងឃើញថា អាចដំ ណើរការបានជាប្រក្រតី ក៏ប៉ុន្ដែត្រូវតែរៀបចំបង្រៀន ពាក់កណ្ដាលតាមអនឡាញ និងពាក់កណ្ដាលក្នុងថ្នាក់រៀន ដោយសារសិស្សយើងត្រូវបែងចែកជាពីរវេន…ប្រសិនបើមានករណីកើតនៅតាមសាលារៀន (កើតជំងឺកូវីដ-១៩) គឺយើងនឹងធ្វើការពិភាក្សាជាមួយនឹង ក្រសួងសុខាភិបាល ដើម្បីបិទសាលារៀនមួយ ប៉ុន្ដែយើងពិភាក្សាថា តើយើងបិទមួយក្រុង ឬក៏យ៉ាងម៉េច?» ។

ជាមួយគ្នាមោះលោករដ្ឋមន្ដ្រី ក៏បានអំពាវនាវទៅដល់ អាជ្ញាធរ គណៈគ្រប់គ្រងសាលារៀន និងអ្នកពាក់ព័ន្ធមួយចំនួន ទៀត ត្រូវបន្ដអនុវត្តឲ្យបានមឺងម៉ាត់ តាមវិធានការពារសុវត្ថិភាព ដែលក្រសួងបានដាក់ចេញ ដើម្បីធានានូវសុវត្ថិភាព លើកកម្ពស់ អនាម័យ ជូនសិស្សានុសិស្ស ឲ្យបានត្រឹមត្រូវផងដែរ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២ វិច្ឆិកានេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ ចំនួន ២៩២នាក់ ក្នុងនោះចំនួនអ្នកព្យាបាល ជាសះស្បើយចំនួន ២៨៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៩នាក់ ៕