ភ្នំពេញ៖ ជនជាតិអាឡឺម៉ង់ម្នាក់ បានស្លាប់នៅមន្ទីរពេទ្យខេមា ផ្ទះលេខ២៨ ផ្លូវលេខ២៩៤ ភូមិ៦ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ។
យោងតាមរបាយការណ៍ របស់នគរបាលខណ្ឌបឹងកេងកង បានឱ្យដឹងថាជនរងគ្រោះឈ្មោះ CLAUBEN PETER GERHARD ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិអាឡឺម៉ង់ ទីលំនៅគ្មាន មុខរបរ មន្រ្ដីចូលនិវត្ដន៍។
ប្រភពដដែលបន្តថា យោងតាមការបំភ្លឺរបស់ឈ្មោះ ភឿក សុភា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា មុខរបរគិលានុបដ្ឋាន បានឲ្យដឹងថាកាលកើតហេតុថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២២នឹង០០នាទី ជនរងគ្រោះ បានចូលមកសំរាកព្យាបាល នៅមន្ទីពេទ្យពហុព្យាបាលអន្ដរជាតិខេមា គ្រូពេទ្យបានពិនិត្យរកឃើញ ខ្វះគ្រាប់ឈាម និងរលាកសួត។ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ជនរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរ ធ្លាយពោះវៀនធំ និងរលាកស្រោមពោះ រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧នឹង០០នាទី គ្រូពេទ្យក៏បានសម្រេចវះកាត់ពោះវៀនធំ និងរលាកស្រោមពោះ បន្ទាប់ពីវះកាត់រួច គ្រូពេទ្យបានបញ្ចូលឈាម១៦ផ្លោក ហើយគ្រូពេទ្យ បានចោះរុន្ធពោះវៀនធំ និងក្រពះបង្ហូរលាមក ចេញមកខាងក្រៅ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២២នឹងង៤០នាទី ជនរងគ្រោះមានអាការធ្ងន់ធ្ងរខ្លាំង សំពាធឈាមធ្លាក់ចុះ ដល់កំរិត អាប្រីយតង់ស្យង់ វាស់លែងបាន ជនរងគ្រោះក៏ស្លាប់តែម្ដង។
តាមការសន្និដ្ឋាន របស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ដ និងឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញ បញ្ជាក់ប្រាប់ថាជនរងគ្រោះ ស្លាប់ដោយសាររលាក ស្រោមពោះ ក្លាយរោគធ្ងន់ធ្ងរ និងធ្លាយពោះវៀនធំ។ បច្ចុប្បន្នសពជនរងគ្រោះ យកទៅតម្កល់នៅវត្ដស្ទឹងមានជ័យ៕