ភ្នំពេញ៖ មេបញ្ជាការរង យោធាស្រុកបុរីអូរស្វាយសែនជ័យ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្តស្ទឹងត្រែងឃាត់ខ្លួន ជាមួយថ្នាំញៀន ២គីឡូក្រាម នៅចំណុចអាហារដ្ឋាន ម្លប់ត្នោត ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ស្រះឫស្សីក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង វេលាម៉ោង ៩ យប់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២០។
សូមរំលឹកថា កន្លងទៅថ្មីៗនេះ ត្រូវគេរាយការណ៍ថា យោធាម្នាក់ ល្បាតនៅតំបន់ព្រំដែនកម្ពុជា ឡាវក្បែរបន្ទាយរបស់ខ្លួន ស្ថិតនៅក្នុងភូមិសាស្ត្រឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។ យោធាដើរល្បាត បានប្រទះឃើញជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ដឹកគ្រឿងញៀន ចំនួន២ការ៉ុង ស្មើនិង៤២កញ្ចប់ កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០២០ ។ ពេលនោះ ជនសង្ស័យ បានជិះម៉ូតូដួល ហើយទុកចោល រួចគេចខ្លួន ។ សមត្ថកិច្ច បានឃើញម៉ូតូ និងការ៉ុងច្រកថ្នាំញៀនដ៏ច្រើនសន្ធឹកសន្ធាប់ បន្ទាប់មកគាត់ រាយការណ៍ជូនថ្នាក់លើចំនួន ៤២ ដុំ និងម៉ូតូមួយគ្រឿង។
ក្រោយមកទៀត គ្រឿងញៀនទាំងអស់នោះ ក៏បានប្រគល់អោយ ទៅកងរាជអាវុធហត្ថខេត្ត និងមានការចូលរួមពីតំណាង អយ្យការអមសាលាដំបូងខេត្តផង ។
ពេលនោះ សមត្ថកិច្ចបានបញ្ជាក់ថា គ្រឿងញៀនចំនួន ៤២កញ្ចប់ មានទម្ងន់ប្រមាណជាង ៤១គីឡូក្រាម ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនិតិវិធីច្បាប់ ។ ក្រោយពេលមានករណី ខាងលើកើតឡើង សមត្ថកិច្ចនគបាលប្រឆាំង បទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្ត ស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន ចំនួន២កញ្ចប់ធំ ប្រភេទកេតាមីន ទំនងជាសុទ្ធ។ រីឯជនសង្ស័យ ខាងលើនេះ គឺជាមេបញ្ជាការរងយោធាស្រុក បុរីអូរស្វាយសែនជ័យ ដែលបានដឹងហេតុការណ៍គ្រឿងញៀនមុនគេ ។
ជនសង្ស័យមាន ឈ្មោះអ៊ុក ដំកើង ភេទប្រុស អាយុ៤៤ឆ្នាំ ជាមេបញ្ជាការរងយោធា ស្រុកបុរីអូរស្វាយសែនជ័យ បានរក្សាទុកគ្រឿងញៀនចំនួន២ដុំ មានទម្ងន់២គីឡូក្រាម ដែលបានដកចេញចេញ ក្នុងចំណោមគ្រឿងញៀន៤២ដុំ។
សរុបមក កម្លាំងយោធាល្បាត រើសបានថ្នាំញៀន៤២កញ្ចក់ធំ ហើយបានប្រគល់ទៅអោយកម្លាំងកងរាជអាវុធហត្ថខេត្ត កន្លងមក បែរជាមេបញ្ជាការរង ស្រុកបុរីអូរស្វាយសែនជ័យ លាក់ទុកចំនួន ២កញ្ចប់ធំ ស្វែងរកទីផ្សារងងឹត ត្រូវកម្លាំងនគរបាលខេត្ត ឃាត់ខ្លួនតែម្ដង ៕