សូមកុំធ្វេសប្រហែស! បញ្ចូលហ្គាសរថយន្ដ ក្បែរចង្រ្កានឆ្នាំងស៊ុប បណ្ដាលអោយផ្ទុះ ឆាបឆេះយ៉ាងសន្ធូសន្ធៅ

0

ភ្នំពេញ៖ ហេតុការណ៍ដ៏គួរភ្ញាក់ផ្អើលមួយ ដោយរថយន្តម៉ាកហាយឡេនឌឺមួយគ្រឿង ពេលកំពុងបញ្ចូលហ្គាស ក៏បានផ្ទុះហ្គាសរថយន្ត បណ្តាលអោយភាយចំហាយហ្គាស ចេញមកខាងក្រៅចំឆ្នាំងស៊ុប នៅក្បែរនោះ បណ្តាលអោយមានអគ្គីភ័យឆាបឆេះយ៉ាងសន្ធូសន្ធៅ។ ហេតុការណ៍នេះកើតឡើងនៅ យប់ថ្ងៃទី ៣០ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង ១៨:៤០ នាទី មានករណីឆាបឆេះ នៅចំនុចមណ្ឌល៦ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

យោងតាម នាយកដ្ឋាននគរបាល បង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា មុនកេីតហេតុ មានរថយន្តម៉ាកហាយឡេនឌឺ ពាក់ស្លាកលេខ បន្ទាយមានជ័យ ,ស្លាកលេខ 2A-៩៥៦៧ អ្នកបេីកបរឈ្មោះ សារ៉ាត់ កន្និកា ភេទស្រី អាយុ ៣៨ ឆ្នាំ រស់នៅកន្លែងកេីតហេតុ បានចូលមកបញ្ចូលហ្គាសក្នុងរថយន្តចំនួន១៥ គីឡូក្រាម នៅកន្លែងបញ្ចូលហ្គាសឈ្មោះ មុំ សុភក្រ័ ភេទប្រុស អាយុ២១ ឆ្នាំ (ត្រូវជាបងប្អូនជីដូនមួយ) ពេលកំពុងបញ្ចូលហ្គាស ក៏បានផ្ទុះហ្គាសរថយន្ត បណ្តាលអោយភាយចំហាយហ្គាស ចេញមកខាងក្រៅចំឆ្នាំងស៊ុប នៅក្បែរនោះ បណ្តាលអោយមានអគ្គីភ័យតែម្តង ។

ហេតុការណ៍ខាងលើនេះ បានបណ្ដាលអោយរងរបួសធ្ងន់ស្រាល ដល់មនុស្សចំនួន ០៣នា ក់ រួមមាន៖
១- សារ៉ាក កក្កដា ភេទប្រុស អាយុ១៤ឆ្នាំ រងរបួសជេីងទាំងសងខាង
២- ហ៊ន់ សុវណ្ណារី អាយុ ០៥ឆ្នាំ រង បួស រលាកដៃជេីង និងផ្ទៃមុខ
៣- ហ៊ន់ ដាណេ អាយុ០៧ ឆ្នាំ រងបួសរលាកដៃជេីងនិងផ្ទៃមុខ

ហេតុការណ៍នេះ បានបណ្តាលឲ្យខូចខាត សំភារៈដូចជា ៖
១- ឆេះរថយន្តម៉ាកហាយឡេនដឺខាងលេីខូចខាតទាំងស្រុង
២- ឆេះខ្សែចរន្តអគ្គីសនី ដែលបន្តោងលើបង្គោលភ្លេីង
៣- គ្រឿងលក់ចាប់ហួយ និងគ្រឿងទេសមួយចំនួន

សូមបញ្ជាក់ថា អគ្គីភ័យនេះបានរលត់ទាំងស្រុង នៅវេលា ម៉ោង ១៩:២០ នាទី កិច្ចប្រតិបត្តិការរថយន្អអគ្គីភ័យអធិការដ្ធាន នគរបាលក្រុងប៉ោយប៉ែត ចំនួន ០១គ្រឿង និងរថយន្តអគ្គីភ័យ របស់ក្រុមហ៊ុនត្រូពីកាណាចំនួន០២ គ្រឿង ( អស់ទឹកចំនួន០៤ ឡាន) ៕