ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានស្នេីសុំសម្ដេចតេជោ ហ៊ុន សឺន នាយករដ្ឋមន្ត្រី ដើម្បីទូលថ្វាយព្រះមហាក្សត្រផ្តល់ភាពអនុគ្រោះទោស ដល់ទណ្ឌិតសរុប ៦៩៥នាក់ (ស្រី ៦៥នាក់) ក្នុងឱកាសពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ។ នេះបេីតាមការបញ្ជាក់របស់លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅក្នុងបណ្ដាញសង្គមតេឡេក្រាម ។
ការស្នេីសុំនេះបន្ទាប់ពីលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការ ថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះ ទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស កាលពីថ្ងៃទី២៨ តុលា បានដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០ ។
គណៈកម្មការថ្នាក់ជា តិបានទទួលសំណុំឯកសារ ពីបណ្តាពន្ធនាគាររាជធានី-ខេត្ត ចំនួន ២៤ និងមណ្ឌលអប់រំកែប្រែទាំង០៤ ដែលស្នើសុំផ្តល់ការ អនុគ្រោះទោសដល់ទណ្ឌិតសរុបចំនួន ១០៨៦ នាក់ (ស្រី ៧៦ នាក់) រួមមាន៖
-ស្នើសុំបន្ថយទោសមួយជីវិតមកនៅ២០ឆ្នាំ ចំនួន ០៩ នាក់ (ស្រី ០០នាក់)
-ស្នើសុំលើកលែងទោស ចំនួន ៣៥៤នាក់ (ស្រី២២នាក់)
-ស្នើសុំបន្ធូរបន្ថយទោស ១២ខែ ចំនួន ១៣៤នាក់ (ស្រី០៩នាក់)
-ស្នើសុំបន្ធូរបន្ថយទោស ៩ខែ ចំនួន ១៣៨នាក់ (ស្រី ០៧នាក់)
-ស្នើសុំបន្ធូរបន្ថយទោស ៦ខែ ចំនួន ៤៥១ នាក់ (ស្រី ៣៨ នាក់) ។
ជាលទ្ធភាព នៃកិច្ចប្រជុំកិច្ចរបស់គណៈកម្មការថ្នាក់ជាតិ បានសម្រេចគោរពស្នើសុំ ទៅសម្តេចនាយករដ្ឋមន្ត្រីដើម្បីទូលថ្វាយព្រះមហាក្សត្រ ផ្តល់ភាពអនុគ្រោះទោសដល់ទណ្ឌិតសរុប ៦៩៥នាក់ (ស្រី ៦៥ នាក់) រួមមាន៖
-ស្នើសុំបន្ថយទោសមួយជីវិតមកនៅ២០ឆ្នាំ ចំនួន ០៥នាក់ (ស្រី ០០នាក់)
-ស្នើសុំលើកលែងទោស ចំនួន ១៩ នាក់ (ស្រី ០៦នាក់)
-ស្នើសុំបន្ធូរបន្ថយទោស ១២ខែ ចំនួន ៩២ នាក់ (ស្រី ១០នាក់)
-ស្នើសុំបន្ធូរបន្ថយទោស ៩ខែ ចំនួន ៩៥ នាក់ (ស្រី ០៨នាក់)
-ស្នើសុំបន្ធូរបន្ថយទោស ៦ខែ ចំនួន ៤៨៤ នាក់ (ស្រី ៤១ នាក់) ៕