ក្រសួងសុខាភិបាល ប្រកាសរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ទៀត ជាករណីនាំចូល ខណៈគ្មានករណីជាសះស្បើយ

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ លើស្ត្រីជនជាតិបារាំង ដែលទើបធ្វើដំណើរ មកពីប្រទេសបារាំង ចូលមកកម្ពុជា និងគ្មានករណីព្យាបាល ជាសះស្បើយអ្នកជំងឺកូវីដ១៩ នោះទេ។

ក្រសួងបានបញ្ជាក់ឲ្យដឹងថា ស្ត្រីជនជាតិបារាំងដែលរកឃើញមានឆ្លងកូវីដ១៩ មានអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់គាត់ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបថា អ្នកដំណើរតាមយន្តហោះជាមួយ អ្នកជំងឺខាងលើ សរុបមានចំនួន១០៨នាក់ (ស្រី ៤៧នាក់ និងកុមារ ០៣នាក់) ដែលក្នុងចំនួននេះ មានស្ត្រីជនជាតិបារាំង អាយុ ២៣ឆ្នាំខាងលើផងដែរ។ រីឯអ្នកដំណើរចំនួន ១០៧នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅវិទ្យាល័យបូរី ១០០ខ្នងចំនួន១៩នាក់ និងក្រៅពីនោះនៅសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ កម្ពុជាមានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុប ចំនួន២៨៨នាក់ ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយ សរុប២៨៣នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ០៥នាក់  ៕