ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល បានត្រៀមពូជស្រូវចំនួន ២.០០០តោន ដែលជាពូជស្រូវមិនប្រកាន់រដូវ ដោយក្នុងមួយគ្រួសារនឹងទទួលបាន ១០០គីឡូក្រាម ហើយផ្តល់ជូនសម្រាប់តែអ្នក ដែលខូចខាតតែប៉ុណ្ណោះ ។
ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋ រងគ្រោះជំនន់ទឹកភ្លៀង នៅស្រុកអូរជ្រៅ នាព្រឹកថ្ងៃទី២៤ តុលានេះ សម្តេចតេជោ ហ៊ុន សែន បានចូលរួមរំលែកទុក្ខ ចំពោះគ្រួសារដែលបានបាត់បង់ជីវិត ក្នុងពេលមានជំនន់ទឹកភ្លៀង ។ ក្នុងនោះសម្តេចតេជោ បានផ្តល់ជូនគ្រួសារ សម្រាប់រៀបចំបុណ្យសពចំនួន ១២លានរៀល និងមានសប្បុរសជនបានបរិច្ចាគបន្ថែម ចំនួន៤លានទៀត ដូច្នេះ១គ្រួសារទទួលបាន ១៦លានរៀល។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ទោះជាយ៉ាងណាក៏ដោយ ពេលនេះពេលយើងកំពុងមានទុក្ខនោះ គឺមានកម្លាំងមហាជនជាច្រើន បានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការជួយបងប្អូនប្រជាពលរដ្ឋយើង ដែលរហូតមកដល់ពេលនេះយើង ទទួលបានការបរិច្ចាគថវិកាពី បណ្តាសប្បុរសជនប្រមាណជាង ៨លានដុល្លារ។
សម្តេចតេជោបានបន្តទៀតថា ក្នុងកាលៈទេសៈនេះ យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ផង រួមគ្នាទប់ទល់ការលំបាកដោយគ្រោះទឹកជំនន់ផង។ ក្នុងដំណាក់កាលនៃជំងឺកូវីដ១៩នេះ សម្តេចតេជោ នៅតែបន្តអំពាវនាវអោយ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូងការពារខ្លួនជាប់ជាប្រចាំ ជាពិសេសការអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «រាជរដ្ឋាភិបាល បានគិតរួចជាស្រេចហើយថា ក្រោយទឹកជំនន់ រាជរដ្ឋាភិបាលបានត្រៀមពូជស្រូវចំនួន ២,០០០តោន ដែលជាពូជស្រូវមិនប្រកាន់រដូវ ដោយក្នុងមួយគ្រួសារនឹងទទួលបាន ១០០គីឡូក្រាម ហើយផ្តល់ជូន សម្រាប់តែអ្នកដែលខូចខាតតែប៉ុណ្ណោះ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋមិនធ្វើស្រូវ តែពួកគាត់ដាំដំណាំនោះ គឺរាជរដ្ឋាភិបាលនឹងផ្តល់នូវពូជចំនួន ៦មុខដំណាំ ដើម្បីទុកបង្ករបង្កើនផល ក្រោយទឹកស្រកវិញ ថែមទាំងមានគ្រឿងចក្រកសិកម្ម មកបម្រើជូនប្រជាកសិករផងដែរ» ។
សម្តេចតេជោ បានឲ្យក្រសួងពាក់ព័ន្ធទាំងអស់ ត្រូវមានការវាយតម្លៃនៃ ការខូចខាតរបស់ប្រជាពលរដ្ឋក្នុងពេលជំនន់ទឹកភ្លៀង ជាពិសេសក្រសួងកសិកម្ម ដោយយើងដោះស្រាយជូន តែអ្នកដែលខូចខាតទេ។
ទាក់ទងវិស័យអប់រំវិញ សម្តេចបានជំរុញឲ្យក្រសួងអប់រំពិនិត្យ មើលសាលារៀនណាដែលលិចលង់ គឺអោយត្រូវអាជ្ញាធរខ្លួនឯងតាមមូលដ្ឋាននីមួយៗ តាមដានមើលពីការខូចខាតរបស់សាលារៀន មុននឹងអោយសិស្សចូលរៀន ក្រែងលោមានហានិភ័យ ពេលសិស្សកំពុងសិក្សានោះ។
សម្តេចតេជោបានមានប្រសាសន៍ថា អ្វីដែលសំខាន់គឺការជម្លៀស ប្រជាជនចេញពីកន្លែងរងគ្រោះ អោយបានដើម្បីជៀសវាងការគ្រោះថ្នាក់ដល់អាយុជីវិត។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាសុខភាពជាអោយបានល្អ ជាពិសេសការការពារការ ចម្លងការរីករាលដាលជំងឺកូវី១៩ ក៏ដូចជាជំងឺអសន្នរោគផ្សេងៗ ដែលអាចកើតមានឡើងនៅពេលទឹកជំនន់ និងក្រោយពេលទឹកស្រក ធ្វើយ៉ាងណាត្រូវហូបស្អាត ផឹកស្អាត និងការរស់នៅប្រកបដោយអនាម័យល្អ ៕