ព្រះមហាក្សត្រ អបអរសាទរខួប​អនុស្សាវរីយ៍ លើក​ទី ​២៩​ឆ្នាំ​ ​នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស

0

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ គឺជាខួប ២៩ឆ្នាំ (២៣តុលា ១៩៩១-២៣ តុលា ២០២០) បានអបអរសាទរខួប​អនុស្សាវរីយ៍ លើក​ទី ​២៩​ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ។

ក្រោម​ព្រះ​រាជបូជនីយ​កិច្ច​ នៃ​ព្រះ​ករុណា​ ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្ដម​ សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាពទឹកដី​ ឯកភាព​ជាតិ​ខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​ ព្រះវររាជបិតាបង្រួបបង្រួមជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបាននាំឲ្យកម្ពជាទទួលបាន នូវសុខសន្តិភាពឡើងវិញ បន្ទាប់ពីសង្រ្គោមដ៏រាំរៃជាច្រើនទសវត្ស តាមរយៈការចរចារបង្រួបបង្រួម បញ្ចប់សង្រ្គោមរហូតឈានដល់ ការចុះហត្ថលេខាសន្តិភាព ទីក្រុងប៉ារីសពីបណ្តាភាគីធំៗ ។ កូនចៅប្រជានុរាស្រ្តគ្រប់ៗរូបសូមចងចាំជានិច្ច នូវព្រះរាជបូជនីយកិច្ចដ៏ធំធេងនៃ អង្គព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះជាតិមាតុភូមិកម្ពុជា សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងសោយសុខក្នុងឋាន ព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

គួរឲ្យដឹងផងដែរថា ថ្ងៃនេះកាលពី ២៩ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងអោយរដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ៊្វុនស៊ីនប៉ិច ដែលតំណាងដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ៕