ភ្នំពេញ៖ ភាពប្រសើរឡើង នៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់កម្ពុជា បានផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាល ក្នុងការធ្វើវិចារណកម្មចំណាយ ថវិកាឆ្នាំ២០២០ ចំនួន២លើក ដែលអាចធ្វើឱ្យរាជរដ្ឋាភិបាល សន្សំថវិកាបានសរុបចំនួន៣ ៧១៦០៥៤លានរៀល ឬសមមូលនឹងប្រមាណ ៩១៨លានដុល្លារអាមេរិក ។
យោងតាមខ្លឹមសារសង្ខេប នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៣ តុលានេះ បានឲ្យដឹងទៀតថា ក្នុងនោះថវិកាថ្នាក់ជាតិសន្សំបាន ៦៧៧លានដុល្លារអាមេរិក សម្រាប់បំពេញតម្រូវការចំណាយចាំបាច់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាការទប់ទល់ផលប៉ះពាល់ អវិជ្ជមានមកលើសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយឡែកសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានកាត់បន្ថយចំណាយ ទៅតាមការថយចុះចំណូលចំនួន ២៤១លានដុល្លារអាមេរិក ដើម្បីរក្សាតុល្យភាពចំណូល-ចំណាយថ្នាក់ក្រោមជាតិ ។
សមិទ្ធផលខាងលើដែលសម្រេចបានមកនេះ គឺមិនអាចកាត់ផ្តាច់ចេញពីការ ខិតខំប្រឹងប្រែងជាប់ជាប្រចាំ និងលទ្ធផលនៃការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលមានចក្ខុវិស័យប្រែក្លាយ ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ផ្តោតលើលទ្ធផលឬសមិទ្ធកម្ម និងវិមជ្ឈការ ស្របតាមស្តង់ដារនិងឧត្តមានុវត្តអន្តរជាតិ របស់រាជរដ្ឋាភិបាលបានឡើយ។
ជ័យជម្នះរបស់កម្ពុជា នៅលើសមរភូមិទប់ទល់ ការរីករាលនៃជំងឺកូវីដ-១៩ ដោយមិនមានការឆ្លងចូល ក្នុងសហគមន៍ គិតមកទល់នឹងពេលនេះ មិនមែនបានមកដោយចៃដន្យទេ។
នៅក្នុងបរិការណ៍នៃការ ប្រយុទ្ធនឹងវិបត្តិនៃជំងឺកូវីដ-១៩ គិតមកទល់នឹងពេលនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ វិធានការចំនួន ៦ជុំរួចមកហើយ ដែលក្នុងនោះរួមមាន៖
-កញ្ចប់វិធានការផ្នែកសារពើពន្ធ មានចំនួន១៣វិធានការ ដែលមានជាអាទិ៍៖ ការអនុគ្រោះពន្ធ និងការលើកលែងពន្ធ ការអនុគ្រោះការបង់ប្រាក់វិភាគទាន ធានារ៉ាប់រងរបបហានិភ័យការងារ និងការថែទាំសុខភាព និងការពន្យារនូវ ការបង់កាតព្វកិច្ចរបបសន្តិសុខសង្គម ព្រមទាំងការលើកលែងការបង់ថ្លៃ អាជ្ញាបណ្ណទេសចរណ៍ គ្រប់ប្រភេទ និងការមិនធ្វើសវនកម្មពន្ធដារពេញលេញ ចំពោះសហគ្រាស ក្នុងវិសយទេសចរណ៍
-កញ្ចប់វិធានការផ្នែកហិរញ្ញវត្ថុ មានចំនួន៥វិធានការ ដែលមានជាអាទិ៍៖ ការបង្កើតសហហិរញ្ញប្បទាន និងចែករំលែកហានិភ័យ ការបង្កើតមូលនិធិធានាឥណទាន ការបង្កើតហិរញ្ញប្បទានពិសេស និងការត្រៀមបង្កើតឧបករណ៍ ហិរញ្ញប្បទានបន្ថែម ព្រមទាំងការបន្ធូរបន្ថយការអនុវត្តពន្ធ កាត់ទុកលើការប្រាក់សម្រាប់ អ្នកផ្តល់កម្ចីក្នុងស្រុក និងក្រៅស្រុក
-កញ្ចប់វិធានការផ្នែកជំនួយសង្គម មានចំនួន៨វិធានការ ដែលមានជាអាទិ៍៖ ការឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ កម្មវិធីសាច់ប្រាក់ពលកម្មនិងការផ្តល់ប្រាក់ ឧបត្ថម្ភជូនកម្មករ-និយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ព្រមទាំងការរៀបចំវគ្គបណ្តុះបណ្តាលដល់កម្មករ-និយោជិត ទាំងជំនាញទន់ និងជំនាញបច្ចេកទេស ។
-កញ្ចប់វិធានការផ្សេងៗ ដែលមានលក្ខណៈអន្តរវិស័យ ចំនួន១៧វិធានការ គួបផ្សំនឹងវិធានការរូបិយវត្ថុ ដែលដាក់ចេញដោយធនាគារជាតិនៃកម្ពុជា ដែលមានជាអាទិ៍៖ ការដាក់ឱ្យដំណើរការជំហានទី១ នូវការចុះបញ្ជីពាណិជ្ជកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ការជំរុញ និងអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមការកែសម្រួលនីតិវិធី និងបង្កកាងាយស្រួលដល់សកម្មភាព នាំចេញនាំចូលគ្រប់ប្រភេទពិសេស ការនាំចូលវត្ថុធាតុដើម និងកាកែសម្រួលលក្ខខណ្ឌឥណទាន ព្រមទាំងការបង្កើនសន្ទនីយភាព នៅលើទីផ្សារជាដើម ៕