ភ្នំពេញ៖ ពលរដ្ឋរស់នៅភូមិអ្នកតាទ្វា ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង មានបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ ក្រោយជួបគ្រោះរាំងស្ងួត មួយសារហើយ ត្រូវរងគ្រោះដោយសារជំនន់ទឹកភ្លៀង ជន់លិចស្រូវជាង ៧០០ហិចតា ពលរដ្ឋស្នើរសុំដល់រាជរដ្ឋាភិបាលជួយជំនួយ ជាស្បៀង និងពូជស្រូវដើម្បីដាំដុះបង្កើនផលនៅពេល ទឹកជំនន់ស្រកទៅវិញ ។
លោក ផានិត ជាពលរដ្ឋរស់នៅភូមិឃុំ ខាងលើបានថ្លែងថា “លោកបានភ្ជួរ ដីព្រោះធ្វើស្រែ ២លើកមកហើយតែត្រូវបរាជ័យរហូត ដោយចំណាយថវិការលើស្រូវពូជ លើប្រេងម៉ាស៊ូត និងថ្លៃជី ក្នុងលើកទី១ អស់ហើយក៏ជួបបញ្ហាគ្រោះរាំងស្ងួតគ្មានបានផលឡើយ” ។ លោកបានបន្ថែមទៀតថា “បន្ទាប់មកក៏សម្រេចចិត្ដ ភ្ជួរ ដីព្រោះស្រូវជាលើកទី២ ដោយត្រូវ ចងការប្រាក់គេដើម្បី មកធ្វើដើមទុន ទិញពូជស្រូវ និងជំពាក់គេថ្លៃប្រេងម៉ាស៊ូត និងជី តែត្រូវជំនន់ទឹកភ្លៀងលិចអស់គ្មានសល់” ។
លោក ភាង ផារិត ពលរដ្ឋរស់នៅភូមិ ឃុំជាមួយគ្នាក៏បានឲ្យដឹងថា “នៅក្នុងខែឧសភា លោកបានភ្ជួរ ដី ព្រោះស្រូវ ម្ដងដោយសង្ឃឹមទៅលើ ទឹកភ្លៀងតែអាកាសធាតុ បែជារាំងស្ងួត គ្មានភ្លៀង សោះហើយប្រភពទឹកមិនអាចផ្ដល់ ឲ្យគ្រប់គ្រាន់ទើបស្រូវ មិនបានទទួលផលបន្តិចឡើយ” ។ គាត់បានបន្តទៀតថា “បន្ទាប់ពីស្រូវស្វិតអស់ក្នុងខែកញ្ញា ដោយមើលឃើញទឹកទន្លេ ឡើងមិនដល់ក៏ចាប់ផ្ដើមភ្ជួរដី ព្រោះស្រូវម្ដងទៀតគិតថាបានផលទុកបរិភោគខ្លះ និងសល់ខ្លះ លក់ដូរដើម្បីបង់ការប្រាក់គេ តែមិននឹកស្មានថា ស្រូវជិតបានផលហើយជំនន់ទឹកភ្លៀងមកក៏លិច រលួយអស់គ្មានសល់” ។
លោក ណេត ក៏បានឲ្យដឹងថា ក្រៅពីធ្វើស្រែ អ្នកភូមិក៏មានរបរនេសាទត្រី ដើម្បីទប់ទល់ជីវភាពគ្រួសារផងដែរ ប៉ុន្តែដោយស្របពេលស្រីវមិនបានផល ធាតុអាកាស មិនអំណោយផល មានតែភ្លៀង រលឹម រាល់ថ្ងៃមិនអាចចេញទៅនេសាទត្រីបាន ធ្វើឲ្យគ្រួសារពិបាកខ្លាំងមែនទែន” ។
ពលរដ្ឋទាំងអស់ជាង ៤០០គ្រួសារ ក្នុងភូមិអ្នកតាទ្វា សូមសំនូមពរដល់រាជរដ្ឋាភិបាល ក៏ដូចជាសប្បុរសជន ជួយ ជំនួយជាស្បៀង ឬពូជស្រូវ ដើម្បីទុកសំរាប់ ដាំដុះនៅពេលទឹកស្រក ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ។
យោងតាមទិន្នន័យដែលទទួលបាន ពីគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បង្ហាញថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែតុលា អ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងមានចំនួន ២៤នាក់ស្លាប់ ដោយលង់ទឹក និងប៉ះពាល់ពលរដ្ឋដែលរស់នៅក្នុង ១៩ រាជធានី-ខេត្ត ជាង ២៧ ម៉ឺននាក់។ក្នុងនោះ មនុស្សជាង ២៦ ៦០៨ នាក់ត្រូវបានជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាព។ ក្នុងរបាយការណ៍ក៏បានបង្ហាញថា ការប៉ះពាល់ដំណាំស្រូវ សរុបជិត ១៧ ម៉ឺនហិចតា ក្នុងនោះខូចខាតទាំងស្រុង ៣២ ៣៨២ ហិចតា ប៉ះពាល់ដំណាំរួមផ្សំសរុបជាង ៧៣ ពាន់ហិចតា ក្នុងនោះខូចខាតទាំងស្រុងជាង ៣៨ ពាន់ហិចតា ព្រមទាំងប៉ះពាល់ផ្លូវជាតិ និងផ្លូវខេត្តសរុបជាង ៣៤៤ គ.ម និងផ្លូវលំជនបទជិត ១ ៥០០ គ.ម៕