ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់នៅ កន្លែងកើតហេតុនិង ក្មេង ស្រីអាយុ៣ឆ្នាំ រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍រថយន្តបុកកង់ពីក្រោយ ។ហេតុការណ៍ នេះ កើតឡើង នៅលើផ្លូវលំក្រាលកៅស៊ូ ចំណុចភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ។
យោងតាមរបាយការណ៍ ពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា រថយន្ត ម៉ាកហ៊ីយ៉ា ន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-8710 (ប្រភេទរថយន្តបែនដឹកដី) ។ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (ក្រោយកើតហេតុរត់គេចខ្លួនបាត់) ។
ចំណែកជនរងគ្រោះ ជិះកង់ឈ្មោះ ឈួន ឌន អាយុ ៤៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) និងឌុបចៅស្រីម្នាក់ឈ្មោះ ម៉ន ជូលីណា អាយុ៣ឆ្នាំ រស់នៅភូមិឃុំ ជាមួយគ្នា (របួសធ្ងន់ ) ។
សមត្ថកិច្ចជំនាញបានសន្និដ្ឋាន អំពីមូលហេតុដែលបង្កឲ្យ មានគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី អ្នកបើកបររថយន្ត ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយបុក អ្នកជិះកង់ពីក្រោយ តែម្តងក្នុងទិសដៅស្របគ្នា ពីលិចទៅកើត ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការ វាស់វែង និងនាំយកវត្ថុតាងមករក្សា ទុកនៅអធិការដ្ឋាននគរបាល ស្រុកកំពង់ស្វាយ ៕