ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីអំពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២នាក់ថ្មីទៀត លើជនជាតិខ្មែរដែលបានធ្វើដំណើរមកពីប្រទេសអ៊ីរ៉ាក់ និងគ្មានករណីជាសះស្បើយ។
ក្រសួងបញ្ជាក់ថា បុរសជនជាតិខ្មែរ អាយុ៣៣ឆ្នាំ (ជាស្វាមី)និងភរិយាជនជាតិខ្មែរអាយុ៣២ឆ្នាំ (ជាភរិយានិងមានកូនអាយុ០៣ឆ្នាំ) មានអាស័យដ្ឋានស្នាក់នៅភូមិ អាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានធ្វើដំណើរមកពីប្រទេសអ៊ីរ៉ាក់ ឆ្លងកាត់ទីក្រុងដូហា បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជា នៅថ្ងៃទី១៨ ខែតុល ឆ្នាំ២០២០។
បច្ចុប្បន្នអ្នកជំងឺទាំងពីរនាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមបញ្ជាក់ថាគិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩សរុប ចំនួន២៨៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយ សរុបចំនួន២៨០នាក់ និងកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យសរុប ៥នាក់ ៕