ភ្នំពេញ៖ បុរសត្រូវចរន្តភ្លើងអគ្គិសនីឆក់ បណ្តាលឲ្យស្លាប់ក្នុងស្រែ ខណៈកំពុងរាយខ្សែភ្លើងឆក់ត្រីក្បែរផ្ទះ ។ ករណីនេះកើតឡើង កាលពីម៉ោង ៨យប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចខាងលិចផ្ទះជនរងគ្រោះ ចំងាយ១២ម៉ែត្រ ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ជនរងគ្រោះឈ្មោះ កែវ គួន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
តាមការបំភ្លឺរបស់ស្ត្រីជាប្រពន្ធឈ្មោះ អុល សុម៉ា ឲ្យដឹងថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង៨យប់ ប្តីរបស់គាត់បានទៅឆ្លុះកង្កែប តែបាត់ពេញមួយយប់មិនឃើញមកផ្ទះវិញទេ ។ លុះព្រឹកឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោងប្រហែល ៤ព្រឹក គាត់ក៏ភ្ញាក់ពីដេកទៅឆ្ការព្រៃនៅខាងលិចផ្ទះ លុះដល់ម៉ោងប្រហែល៥ គាត់ក៏ឡើងទៅលើផ្ទះបិទកុងតាក់ភ្លើងហើយ បានដើររកប្តីរបស់ខ្លួន និងដើរសួរអ្នកជិតខាងតែគ្មានអ្នកណាឃើញ ។ ពេលនោះគាត់ក៏ត្រឡប់មកផ្ទះវិញ ឃើញខ្សែភ្លើងដោតរាយ នៅតាមស្រែខាងលិចផ្ទះ ខ្លួនក៏ទាញខ្សែភ្លើងស្រាប់តែមើលឃើញ ប្ដីគាត់ស្លាប់នៅក្នុងទឹកស្រែបាត់ទៅហើយ ។ បងស្រីបានបន្តថា កាលពីរបីថ្ងៃមុនប្ដីរបស់គាត់ បានយកខ្សែភ្លើងនៅផ្ទះបាយ រាយឆក់ត្រីនៅកន្លែងកើតហេតុម្តងហើយ ។
លោកវរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានប្រាប់ឲ្យដឹងថា តាមការត្រួតពិនិត្យ និងកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន បានសន្និដ្ឋានថា ជនរងគ្រោះឈ្មោះ កែវ គួន បានស្លាប់នៅម៉ោង២០និង០០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ដោយសារចរន្តភ្លើងអគ្គិសនីឆក់ ។ លោកអធិការបានបន្ត ក្រោយការពិនិត្យ និងធ្វើកំណត់ហេតុ សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕