កម្ពុជា កំពុងពង្រឹងវិស័យកសិកម្ម-កសិឧស្សាហកម្ម ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅក្នុងដំណាក់កាលនៃ ការរីករាលដាលជំងឺកូវីដ១៩ ប្រទេសកម្ពុជា បាននិងកំពុងពង្រឹងវិស័យកសិកម្ម-កសិឧស្សាហកម្ម ដែលជាវិស័យដ៏សំខាន់ចម្បងបំផុត ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិកម្ពុជា ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៩ តុលានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅក្នុងពេលដែលវិបត្តិ Covid-19 កំពុងឆ្លងរាតត្បាតពិភពលោក គឺបានធ្វើឲ្យប៉ះពាល់ដល់ វិស័យមួយចំនួនរងផលប៉ះពាល់។

សម្ដេចបញ្ជាក់ថា «ក៏ប៉ុន្តែចំពោះវិស័យកសិកម្ម-កសិឧស្សាហកម្ម គឺនៅតែជាវិស័យដ៏សំខាន់ចម្បងបំផុត ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិកម្ពុជា» ។

សម្ដេចបន្ថែមថា ពិតណាស់ គឺយើងត្រូវប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ (covid-19) ឲ្យទៅជាឱកាសនៃការវិនិយោគ ក៏ដូចជាការអភិវឌ្ឍវិស័យ កសិឧស្សាហកម្មបន្ថែមទៀត ដើម្បីគោលដៅអភិវឌ្ឍ និងភាពរីកចម្រើននាពេលអនាគតខាងមុខ របស់ប្រទេសកម្ពុជា ៕