ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងនូវពាក្យស្លោកមួយឃ្លាយ៉ាងខ្លី តែមានអត្ថន័យ ជ្រាលជ្រៅថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ» ហើយការជួយគ្នាក្នុង គ្រាមានអាសន្ន គឺជារឿងសំខាន់បំផុត ក្នុងនាមយើងជាខ្មែរ ។
តាមរយៈហ្វេសប៊ុកផេកនៅថ្ងៃទី១៧ តុលានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរយ៉ាងដូច្នេះថា «ក្នុងរយៈពេលប៉ុន្មាន ថ្ងៃកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋកម្ពុជា រស់នៅតាមបណ្ដាខេត្តក្រុងមួយចំនួន កំពុងរងគ្រោះ ដោយគ្រោះទឹកជំនន់ ដែលធ្វើឲ្យជន់លិចផ្ទះសម្បែង និងបង្កការលំបាក ក្នុងការរស់នៅ។ តែទោះជាយ៉ាងណាក៏ដោយ ការជួយគ្នាក្នុងគ្រាមានអាសន្ន គឺជារឿងសំខាន់បំផុត ក្នុងនាមយើងជាខ្មែរ »។
សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ចំពោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចេញប្រតិបត្តិការព្រមៗគ្នា សង្គ្រោះប្រជាជន ទៅកាន់ទីទួលមានសុវត្ថិភាព និងកោតសរសើរ ចំពោះសប្បុរសជននានា ដែលបានចូលរួមថវិកា ជាបន្តបន្ទាប់ និងអរគុណដល់កាកបាទក្រហមកម្ពុជា ដែលបានចេញយុទ្ធនាការ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នេះ នឹងអរគុណវិស័យឯកជន ដែលបានចូលរួមផ្ដល់ ជូនជាទឹក សម្ភារៈប្រើប្រាស់ ជាចំណីអាហារផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់នេះ៕








