ភ្នំពេញ៖ ដោយទតឃើញអំពីសេចក្តីទុក្ខលំបាក ដែលបងប្អូនប្រជានុរាស្រ្តកំពុង ទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ និងក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ អំពីសុខទុក្ខរបស់បងប្អូនប្រជានុរាស្រ្ត នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ ក្រុមមន្រ្តី នៃក្រសួងព្រះបរមរាជវាំង នាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម ជាព្រះរាជទានរបស់ព្រះអង្គទាំងទ្វេ ចែកជូនប្រជារាស្រ្តរងគ្រោះដោយគ្រោះទឹកជំនន់ ដើម្បីសម្រាលទុក្ខលំបាកចំនួន ៥១១គ្រួសារ ស្ថិតក្នុងភូមិស្ទឹងចក និងភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
ក្នុងនោះគ្រួសារនីមួយៗទទួលបាន អង្ករ ៥០គីឡូ មី ១កេស ឃីត ១កញ្ចប់ ( មុង ១ ក្រមា ១ សារុង ១ ភួយ ១) ត្រីខ ១០កំប៉ុង កៅស៊ូតង់ ចំនួន ១ សាប៊ូដុំ ចំនួន ៥ដុំ អាវយឺតស្លាកព្រះរាជអំណោយ ១ និងថរិកា ៤០ម៉ឺនរៀល ។




