ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ថៃបានជូនដំណឹងមកកម្ពុជា ថានឹងអាចបើកទឹកទម្លាក់ ប៉ុន្តែមិនទាន់មានការវិវត្តអ្វីទេ ហើយបើសិនជាបើកមែន ខេត្តបន្ទាយមានជ័យ នឹងត្រូវរងគ្រោះខ្លាំង ។
ក្នុងឱកាសចុះទៅពិនិត្យមើល ស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ កាលពីយប់ថ្ងៃទី១៥ តុលា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ប្រទេសថៃបានជូនដំណឹងមកថា អាចនឹងមានការបើកទម្លាក់ទឹកមក ក៏ប៉ុន្តែមកដល់ពេលនេះមិនទាន់មានការទម្លាក់មកទេ។ ប្រសិនបើប្រទេសថៃទម្លាក់ទឹក ខេត្តបន្ទាយមានជ័យអាចនឹងទទួលរងបន្ថែម»។
សម្តេចតេជោបន្តថា តំបន់នេះធ្លាប់មានគ្រោះទឹកជំនន់ ៤លើករួចមកហើយ។ ក្នុងនោះ លើកទី១ នៅឆ្នាំ១៩៩១, លើកទី២ នៅឆ្នាំ១៩៩៨, លើកទី៣ នៅឆ្នាំ២០០០, និងលើកទី៤ នៅឆ្នាំ២០០១។ សម្តេចបន្ថែមថា សម្រាប់គ្រោះជំនន់ទឹកភ្លៀង ឆ្នាំ២០២០ក្នុងតំបន់នេះ សំណាងជាងលើកមុនទាំងអស់ ដោយសារកម្រិតទឹកនៅទន្លេងសំខាន់ៗទាបជាង ធ្វើឲ្យទឹកជំនន់មិនចាល់។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «ឆ្នាំនេះសំណាងជាងឆ្នាំ២០០០។ ឆ្នាំ២០០០ ទឹកចាល់ចេញអត់រួច ដោយសារពេលនោះទឹកនៅតាមទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ គឺវាមានកម្ពស់ទឹកខ្ពស់ ប៉ុន្តែឆ្នាំនេះទឹកនៅតាមទន្លេបាសាក់ តាមទន្លេសាប មានកម្រិតទាប ដែលធ្វើឲ្យទឹកហូរចុះទៅបានយ៉ាងលឿន»។
សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា «ដែលហៅថាជំនន់ ខ្លះលើកឡើងអំពីបញ្ហាលុបបឹង បានជាវាមានជំនន់ ប៉ុន្តែខ្ញុំចង់សួរត្រឡប់ទៅអាអ្នកដែលនិយាយនោះ។ នៅប្រទេសជប៉ុន ឆ្នាំទៅនេះ ជំនន់ទឹកភ្លៀងសម្លាប់ប្រជាជនជប៉ុនអស់យ៉ាងច្រើន។ នៅប្រទេសអឺរ៉ុប ទីក្រុងធំៗមួយចំនួន ជំនន់ទឹកភ្លៀងក៏បានលិចលង់ ហើយឥឡូវតាមព្រែកត្នោតរបស់យើងនេះ ពីខាងលើមក តើនរណាលុបបឹង»?
សម្ដេចគូសបញ្ជាក់ថា «ព្រែក, ស្ទឹងពោធិ៍សាត់, ស្ទឹងមង្គលបុរី, ស្ទឹងសង្កែ! អាហ្នឹងវាសុទ្ធតែស្ទឹង ប៉ុន្តែដោយសារតែទឹកពីលើហ្នឹងខ្លាំងជ្រុលហួស វាហួសពីសមត្ថភាពស្រូប មិនមែនគ្រាន់តែហួសពីសមត្ថភាពស្រួប នៃលូដែលយើងបានធ្វើ ឬប្រឡាយដែលយើងបានធ្វើទេ។ សូម្បីតែទន្លេមេគង្គដែលវាជន់លិច ក៏សមត្ថភាពនៃទន្លេនេះមិនអាចនឹងទទួលអស់ ជាមួយនឹងទឹកដែលវាធ្លាក់ពីខាងលើច្រើនហួស ដូច្នេះហើយបានគេហៅថា ជំនន់នោះ» ៕