ក្រសួងសុខាភិបាល ព្រមានចាត់ការ គ្រូពេទ្យទេវតា បើមិនបញ្ឈប់ការព្យាបាល ដោយមិនត្រឹមត្រូវ

0

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ទៅលើបុគ្គលឈ្មោះ «ជា សុខហេង ហៅគ្រូពេទ្យទេវតា» ដែលល្បីល្បាញខាងព្យាបាលជំងឺ តាមរយៈការចាប់សរសៃ បើសិនជាបុគ្គលរូបនេះ មិនបញ្ឈប់ការព្យាបាលដោយមិនត្រឹមត្រូវ ។

តាមការចេញផ្សាយរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា លោក ម៉ម ប៊ុនហេង បានអំពាវនាវឱ្យប្រជាពលរដ្ឋ កុំជឿតាមការឃោសនារបស់បុគ្គល «ជា សុខហេង ហៅ គ្រូពេទ្យទេវតា» ព្រោះគាត់មិនមែនជាគ្រូពេទ្យ ដែលមានការបណ្តុះបណ្តាលត្រឹមត្រូវនោះឡើយ ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានស្នើឱ្យបុគ្គលរូបនេះ បញ្ឈប់ការផ្សាយ និងទង្វើព្យាបាលអ្នកជំងឺ ដោយមិនត្រឹមត្រូវជាបន្ទាន់ ហើយក្រសួងសុខាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ បើនៅតែបន្តធ្វើការបោកប្រាស់ គ្មានវិជ្ជាជីវ:វេជ្ជសាស្ត្រត្រឹមត្រូវនេះទៀត ។

ពាក់ព័ន្ធបញ្ហានេះដែរលោក ជា សុខហេង នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ក៏បានប្រកាសសុំទោស លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលផងដែរ ។

លោក ជា សុខហេង បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា «ខ្ញុំបាទ ជា សុខហេង អ្នកចាប់សរសៃសូមគោរព អភ័យទោសដល់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលរូបខ្ញុំបាទមានកំហុសធ្វើអោយប៉ះពាល់ ទៅដល់វិជ្ជាជីវៈរបស់ក្រសួងសុខាភិបាល ។ ខ្ញុំបាទសូមសន្យាថាមិនអោយ មានកំហុសជាលើកទីពីរឡើយ។ សូមឯកឧត្តមមេត្តាប្រោសប្រណីដល់រូបខ្ញុំបាទ អោយបានបន្តជួយដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋបន្តទៀតផង។ សេចក្តីគួរពុំគួរសូមឯកឧត្តមរដ្ឋមន្ត្រីមេត្តា សណ្តោសប្រណីដល់រូបខ្ញុំបាទផង។ សូមឯកឧត្តមរដ្ឋមន្ត្រីទទួល នូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ»។

បច្ចុប្បន្ននេះ លោក ជា សុខហេង កំពុងស្នាក់នៅ និងប្រកបមុខរបរក្នុងបុរីពិភពថ្មី ក្រុងតាខ្មៅ ខេត្តកណ្តាល ៕