ភ្នំពេញ៖ លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ រស់នៅក្នុងស្រុកភ្នំស្រួច និងមួយផ្នែក នៃស្រុកសំរោងទង បង្កើនការប្រុងប្រយ័ត្ន ខណៈទំនប់ចំការតែ ដែលមានសមត្ថភាពស្តុកទឹកពី៥ទៅ៧ លានម៉ែត្រត្រីគុណ ត្រូវបានបាក់ហើយ នៅរសៀលម៉ោង ៤នេះ។
លោកអភិបាល បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដូច្នេះថា «សូមជូនដំណឹងដល់ពុកម៉ែមាមីង បងប្អូនដែល រស់នៅក្នុង ស្រុកភ្នំស្រួច (ឃុំចំបក់ ឃុំតាំងសំរោង ឃុំតាំងស្យា និងឃុំមហាសាំង ) និងមួយផ្នែកនៃស្រុក សំរោងទង (ឃុំតាំងក្រូច) ទាំងអស់មេត្តាជ្រាបថា នៅវេលាម៉ោង១៦ រសៀលនេះទំនប់ចំការតែ ដែលមានសមត្ថភាពស្តុកទឹកពី៥ទៅ៧ លានម៉ែត្រត្រីគុណ បានបាក់ហើយ។»
លោកអភិបាលបញ្ជាក់ថា ដូច្នេះសូមពុកម៉ែមាមីង បងប្អូនដែលរស់នៅតាមបណ្ដាឃុំពាក់ព័ន្ធ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅប្របនឹងមាត់ស្ទឹង សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ។ ក្នុងន័យនេះដែរ សូមអំពាវនាវ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សូមមេត្តាយកចិត្តទុកដាក់ នៅក្នុងការរក្សាកម្លាំង ដើម្បីទុកចុះជួយបងប្អូន ប្រជាពលរដ្ឋនៅពេលដែលគាត់ត្រូវការសង្គ្រោះ ៕