ភ្នំពេញ៖ លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានចេញមុខអំពាវនាវ ឱ្យសមាជិកខាងរោងម៉ាស៊ីនកិន ស្រូវទាំងអស់ ចូលរួមជួយប្រជាកសិករ តាមរយៈការទទួលទិញស្រូវសើម ដោយក្នុងតម្លៃសមរម្យខណ: តម្លៃស្រូវចុះថោកនិយាយ លែងចេញហេីយឆ្នាំនេះ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក របស់ប្រជាកសិកររស់នៅ ខេត្តបាត់ដំបងបានឱ្យដឹងថា ជាធម្មតា ស្រូវក្រអូបអាចលក់បាន ១តោន ក្នុងតម្លៃជាង ១លានរៀល ប៉ុន្តែដោយសារបាតុភូតធម្មជាតិ បណ្ដាលឱ្យមានជំនន់ទឹកភ្លៀង ធ្វើអោយតម្លៃស្រូវរបស់ពួកគាត់ ធ្លាក់ចុះយ៉ាងគំហុក ហើយក៏ពិបាកនៅក្នុងការ រកឈ្មួញទិញផងដែរ។
ជាមួយគ្នានេះ ក្រុមប្រជាកសិករក្នុងខេត្តបាត់ដំបង ក៏បានអំពាវនាវអោយ រាជរដ្ឋាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ជួយប្រមូលទិញស្រូវរបស់ពួកគាត់ផង បើមិនដូច្នេះទេពួកគាត់នឹងប្រឈម ការបង់ខាតយ៉ាងធ្ងន់ធ្ងរ ដោយគ្មានលុយបង់ថ្លៃការប្រាក់ អោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ក៏ដូចជាថ្លៃ ជី និងថ្នាំសង្កូវផ្សេងៗផងដែរ។
យោងតាមសេចក្ដីអំពាវនាវរបស់ សហព័ន្ធ ស្រូវ អង្ករ កម្ពុជា បានបញ្ជាក់ ឲ្យដឹងថា ដោយស្ថានភាពនៃគ្រោះទឹកជំនន់ នាពេលបច្ចុប្បន្នមានការកើនឡើង យ៉ាងគំហុកនៅតាមបណ្តាខេត្តមួយចំនួន នៃតំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា ដែលជាហេតុបង្ករឱ្យមាន ផលប៉ះពាល់ខ្លាំងទៅដល់ស្រូវ ដែលកំពុងនឹងត្រូវប្រមូលផល នាពេលខាងមុខ ហើយស្របពេលមានការផ្អាក ចរាចរណ៍នៃរថយន្តធំៗសម្រាប់ដឹកទំនិញ រួមទាំងស្រូវផងដែរ។ អាស្រ័យដូចនេះ សហព័ន្ធស្រូវអង្ករកម្ពុជា សូមអំពាវនាវដល់សាមាជិក សមាជិកាដែលមានរោងមាស៊ីនកិនស្រូវ ដែលនៅជិតទីតាំងស្រែ សូមជួយធ្វើការទិញស្រូវ សើមពីប្រជាកសិករក្នុងតម្លៃសមរម្យ ឱ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាន។
សម្រាប់ប្រជាកសិករ ដែលកំពុងជួបបញ្ហាប្រឈមទាំងនេះ សូមទំនាក់ទំនងមកកាន់ លេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា តាមរយៈលេខទូរស័ព្ទ ០១៧ ៧២៨ ៧២៨/០១២ ២២១ ២៥៤/ ០១០ ២២១ ២៥៤៕