ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បានដាក់កំហិតឱ្យអភិបាលខណ្ឌទាំង១៤ សហការជាមួយភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាដឹកជញ្ជូនយកសំរាម ចេញពីក្នុងរាជធានីភ្នំពេញ ទៅកាន់ទីលានចាក់សំរាម ឱ្យបានគ្រប់ខណ្ឌ ដោយប្រើប្រាស់ គ្រប់យន្តការគ្រប់រូបភាព ខណៈពេលដែល កម្មករក្រុមហ៊ុន សុីន ទ្រី បន្តយកសំរាមធ្វើជាចំណាប់ខ្មាំង ។
យោងតាមហ្វេសប៊ុកផេករបស់ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបញ្ហាប្រមូលសំរាម ក្នុងរាជធានីភ្នំពេញអំឡុងពេល ដែលកម្មករ កម្មការិនី ក្រុមហ៊ុនសុីនទ្រី ធ្វើកូដកម្មមិនចេញ ប្រមូលសំរាម។
ដើម្បីបរិស្ថានស្អាត និងទីក្រុងយើងគ្មានសំរាម លោក អភិបាលរាជធានីភ្នំពេញ «បានដាក់កំហិតឱ្យអភិបាលខណ្ឌទាំង១៤ ខិតខំប្រឹងប្រែងប្រើប្រាស់ឱ្យអស់លទ្ធភាពមធ្យោបាយ ក្រោមកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាដឹកជញ្ជូនយកសំរាមចេញពីក្នុងរាជធានីភ្នំពេញទៅកាន់ទីលានចាក់សំរាមឱ្យបានគ្រប់ខណ្ឌ ដោយប្រើប្រាស់គ្រប់យន្តការគ្រប់រូបភាព »៕


