ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានឆក់ខ្សែភ្លើងស្លាប់ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល២២យប់ នៅចំណុចទ្រុងមាន់ របស់ម្ចាស់ផ្ទះឈ្មោះ មាស ទូច ភេទប្រុស អាយុ៥៦ឆ្នាំ ស្ថិតភូមិទង់នាគ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។
ជនរងគ្រោះ ដែលត្រូវខ្សែភ្លើងឆក់ បណ្តាលឲ្យស្លាប់នេះ មាន ឈ្មោះ យឹម សំអាត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។
ក្រោយពីទទួលព័ត៌មាន លោក មំ សារុំ អធិការនគរបាលស្រុកបាភ្នំ បានដឹកនាំកម្លាំងជំនាញស្រុក ចុះធ្វើការពិនិត្យសាកសព ឃើញមានស្នាមដាច់ឆេះខ្លោច បាតដៃខាងធ្វេង មួយកន្លែង។ ក្រោយពិនិត្យរួច សមត្ថកិច្ចធ្វើការសន្និដ្ឋានថា សាកសពស្លាប់ ដោយសារឆក់ខ្សែភ្លើង។
មូលហេតុគឺម្ចាស់ផ្ទះ ឈ្មោះ មាស ទូចបាន តចរន្តភ្លើងរាយ នៅកន្លែងទ្រោកមាន់ សំរាប់ឆក់សត្វមកស៊ីមាន់។
សមត្ថកិច្ចបានប្រគល់សាកសព ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម្ចាស់ផ្ទះ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកបាភ្នំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធី នៃច្បាប់ផងដែរ៕






