ភ្នំពេញ៖ ទឹកជាច្រើនលានម៉ែត្រគូប ត្រូវបានអាជ្ញាធរជាតិអប្សរា ប្រមូលរក្សាទុកនៅតាមអាងស្ដុកទឹកនានាក្នុងតំបន់រមណីយដ្ឋានអង្គរ បន្ទាប់ពីកម្ពុជាមានភ្លៀងធ្លាក់ ជាបន្តបន្ទាប់ ដោយសារការរងនូវឥទ្ធិពលព្យុះ ពីតំបន់ជុំវិញ នារយៈពេល ចុងក្រោយនេះ។ ក្នុងការងារនេះ អាជ្ញាធរជាតិអប្សរា បានបង្ហាញនូវអារម្មណ៍ ជាទីមោទនបំផុត ក្នុងការប្រមូលទឹកស្ដុកទុក ដើម្បីបម្រើកិច្ចការអភិរក្សប្រាសាទ ក៏ដូចជាត្រៀមសម្រាប់ ចែកចាយដល់ប្រជាពលរដ្ឋ ក្នុងតំបន់សម្រាប់ប្រើប្រាស់ នារដូវប្រាំងខាងមុខនេះ។ នេះបើយោងតាម អាជ្ញាធរជាតិអប្សរា ។
លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ ក្រុមការងាររបស់លោកបានខិតខំ និងប្រមូលទឹកស្ដុកទុក ស្ទើរពេញទាំងស្រុងនៅតាមកសិន្ធុអង្គរវត្ត កសិន្ធុក្រុងអង្គរធំ បារាយណ៍ខាងជើង បារាយណ៍ខាងលិច និងតាមទំនប់នានា ដោយរំពឹងថា នារដូវប្រាំងខាងមុខនេះ ពុំមានកង្វះទឹកប្រើប្រាស់ឡើយ។ លោកបន្ថែមថា កម្រិតទឹកដែលបានបញ្ចូលនៅពេលនេះ គឺស្ថិតក្នុងកម្រិតអតិបរិមា។
លោក ភឿន សុឃីម ពន្យល់បន្ថែមថា ក្រោយពីអាជ្ញាធរជាតិអប្សរារៀបចំស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្រ្ដបុរាណមក គឺការងារគ្រប់គ្រងទឹកមានភាពងាយស្រួល ពិសេសបញ្ជៀសទឹកភ្លៀងមិនឱ្យជន់លិចតំបន់អង្គរ និងក្នុងក្រុងសៀមរាប។ ការងារបញ្ជៀសទឹកនេះ គឺអ្នកជំនាញទឹករបស់អាជ្ញាធរជាតិអប្សរា បានធ្វើការបង្ហូរទម្លាក់ទៅតាមដៃស្ទឹងមួយចំនួន ក៏ដូចជាតាមប្រឡាយជាដើម។
យ៉ាងណាក៏ដោយ ដ្បិតថាអ្នកជំនាញទឹក របស់អាជ្ញាធរជាតិអប្សរា បានព្យាករណ៍ថា នារដូវប្រាំងឆ្នាំនេះ អាចពុំមានកង្វះទឹក ប្រើប្រាស់ក្នុងតំបន់ យ៉ាងណាក្ដី តែបានស្នើឱ្យពលរដ្ឋទាំងអស់ គួរប្រើប្រាស់ទឹកដោយការសន្សំសំចៃខ្ពស់។ លោក ភឿន សុឃីម ពន្យល់ថា អាកាសធាតុនៅលើពិភពលោក មានការប្រែប្រួល ហើយទឹកមានសារសំខាន់ សម្រាប់ជីវិតមនុស្សសត្វ ដូច្នេះយើងត្រូវប្រើប្រាស់ ដោយការសន្សំសំចៃ ជៀសវាងការខ្វះខាត ៕