ភ្នំពេញ៖ ឃាតកដែលយកញញួរវាយសម្លាប់ បុរសម្នាក់ជាកម្មករហាងនំ ខណៈពរកូនតូចក្នុងដៃ នៅខណ្ឌឫស្សីកែវ កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខេត្តស្ទឹងត្រែង ចាប់ខ្លួនទាំងយប់រំលងអាធ្រាត្រ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ រួចបញ្ជូនមកសាកសួរបន្ថែម នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទើបប្រគល់ជូនអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ប្រតិបត្តិការបង្ក្រាបបាន ដោយជោគជ័យ នេះ គឺ មានចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អោយកម្លាំងជំនាញបើកការ ស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុ ។ ដោយទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំរួចមក, លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយ អអធិការដ្ឋានខណ្ឌឫស្សីកែវ និង ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និង មានការសម្របសម្រួលពី លោកព្រះរាជអាជ្ញាខេត្តស្ទឹងត្រែង ទើបឃាត់ខ្លួនឃាតកបានទាំងយប់ រំលងអាធ្រាត្រថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅចំណុចអូក្លុង គីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៧ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ឃាតកឈ្មោះ ផល បញ្ញា អាយុ៣១ឆ្នាំ បានសារភាពប្រាប់សមត្ថកិច្ចថា មូលហេតុដែល ខ្លួនវាយសម្លាប់ជនរងគ្រោះ ព្រោះខឹងនឹងរងគ្រោះ ដែលជេរប្រមាថមកលើខ្លួន រួចក៏មានចិត្តគុំគួនតែម្ដង ដោយធ្វើសកម្មភាព យកញញួរវាយទៅលើក្បាល ជនរងគ្រោះឈ្មោះ ហន ចាន់រស្មីចំនួន២ញញួរ មួយញញួរវាយចំសៀតផ្កា និង មួយញញួរទៀតចំក្បាលផ្នែកខាងក្រោយ បណ្តាលអោយស្លាប់ ពិតប្រាកដមែន ។
គួររំលឹកថា អំពើឃាតកម្ម នេះ គឺ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចហាងលក់នំយីហោ «ផ្ទះនំខេក» ទីតាំងផ្ទះលេខ៧៥២ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ៕