ភ្នំពេញ៖ ជំនន់ទឹកភ្លៀង កំពុងវាយប្រហារ ខេត្តចំនួន៣ នៅប្រទេសកម្ពុជា គឺខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ នៅក្នុងចំណោមខេត្តទាំងបីនេះ ជំនន់ទឹកភ្លៀង ក៏បានឆក់យកជីវិតមនុស្ស ក្មេង-ចាស់ ចំនួនពីរនាក់ផងដែរ។
បើតាមមន្រ្តីយោធភូមិភាគទី៥ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា មានករណីលង់ទឹកស្លាប់ចំនួនពីរផ្សេងគ្នា ដោយមាននៅក្នុងខេត្តបាត់ដំបង និងបន្ទាយមនាជ័យ៖
ករណីទី១៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៥:៣០នាទី មានក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ សាកសពឈ្មោះ ឡុង ប៊ុនពេជ្រ ភេទប្រុស អាយុ ២ឆ្នាំ រស់នៅភូមិគរ ឃុំស្នឹងស្រុកបាណន់ ខេត្តបាត់ដំបង ។ សាកសពត្រូវបានឪពុកម្ដាយយក ទៅធ្វើបុណ្យទៅតាមប្រពៃណី។
ករណីទី២៖ នៅវរលាម៉ោង ប្រហែល១.០០អាធ្រាត ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅចំនុចភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានប្រជាជនឈ្មោះ លឹម សឿន អាយុ៥៦ឆ្នាំ លង់ទឹកស្លាប់ ដោយជញ្ជូនអង្ករ ចេញពីផ្ទះពេលយប់ ។
សូមជម្រាបជូនផងដែរថា មកដល់ពេលនេះ ស្ថានភាពទឹកជំនន់ នៅស្ទឹងសង្កែ ខេត្តបាត់ដំបង បានហក់ឡើងខ្លាំងជាថ្មីម្ដងទៀត នៅក្នុងឆ្នាំ២០២០នេះ ខណៈដែលជំនន់ទឹកភ្លៀងនេះ ក៏កំពុងតែជន់លិចផ្ទះសម្បែង ផលដំណាំរបស់ពលរដ្ឋ ក៏ដូចហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅតាមបណ្ដាស្រុក មួយចំនួន ។
ដោយទឹកជំនន់នៅស្ទឹងសង្កែ គិតត្រឹមព្រឹកព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានហក់ឡើងដល់ជាង ១៣ម៉ែត្រ ខណៈដែលចំណុចប្រកាសអាសន្ន គឺចាប់ពី១៤ម៉ែត្រ៨០ ទៅ១៥ម៉ែត្រ ប៉ុន្តែមិនទាន់មានរបាយការណ៍ពីអាជ្ញាធរខេត្ត ពាក់ព័ន្ធនឹងផលប៉ះពាល់ដោយសារ ទឹកជំនន់នេះនៅឡើយទេ តែដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ប៉ុន្មានថ្ងៃនេះ នៅក្រុងបាត់ដំបង ក៏មានការលិចផ្លូវ និងទឹកហូរចូលផ្ទះពលរដ្ឋ នៅសង្កាត់ជាច្រើនក្នុងក្រុង បើគិតត្រឹមព្រឹកនេះ ទឹកនៅមិនទាន់ហូរអស់តាមផ្លូវនៅឡើយទេ ព្រោះភ្លៀងធ្លាក់បន្តដល់ កណ្ដាលអធ្រាតកាលពីយប់មិញ ។
ដោយឡែកជំនន់ទឹកភ្លៀងនេះ បើតាមអាជ្ញាធរស្រុករុក្ខគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែតុលានេះថា នៅតែបន្តវាយលុបក្នុងស្រុករុក្ខគិរី បើទោះបីជាល្ងាចថ្ងៃទី៩ ខែតុលា ទឹកបានចាប់ផ្ដើមស្រកបណ្ដើរៗ ប៉ុន្តែកាលពីយប់មិញភ្លៀង បានធ្លាក់បន្តធ្វើឲ្យ ទឹកកើនឡើងជាថ្មី និងបណ្ដាលឲ្យលិចផ្ទះ ដំណាំកសិកម្ម និងផ្លូវថ្នល់ជាដើម ក្នុងឃុំចំនួន២ គឺឃុំព្រែកជីក និងឃុំបាសាក់ ដោយព្រឹកនេះដែរ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចុះដឹកនាំបន្តអន្តរាគមន៍ ជួយសង្គ្រោះពលរដ្ឋរងគ្រោះ នៅស្រុកមួយនេះ ហើយអភិបាលរង និងអាជ្ញាធរខេត្តមួយចំនួនទៀត ចុះទៅជួយសង្គ្រោះពលរដ្ឋ ដែលរងការលិចលង់ នាំពួកគាត់ទៅកាន់ទីទួលមានសុវត្ថិភាព ។
នៅព្រឹកថ្ងៃដដែលនេះដែរ ដោយសារបញ្ហាទឹកជំនន់ នៅស្រុករុក្ខគិរី ហូរចាក់មកតាមស្ទឹងមោង ឆ្ពោះទៅស្ទឹងដូនទ្រី កំពុងបានបណ្ដាលឲ្យ លិចលង់ផ្ទះពលរដ្ឋ និងដំណាំកសិករជាច្រើនហិកតា រួមទាំងផ្លូវគមនាគមជាដើម តាមបណ្ដាឃុំមួយចំនួន នៅជាប់នឹងដងស្ទឹង ហើយកាលពីម្សិលមិញ អាជ្ញាធរស្រុក រួមទាំងកងកម្លាំង ពលរដ្ឋ និងយុវជនសសយកស្រុក បានរួមគ្នាយកដីច្រកការ៉ុង និងបាវ ដើម្បីទប់ទឹកកុំឲ្យលិចផ្លូវ និងផ្ទះពលរដ្ឋបានមួយចំនួនផងដែរ ។
គិតត្រឹមល្ងាចថ្ងៃទី៩ ខែតុលា ជំនន់ទឹកភ្លៀងនៅស្រុករុក្ខគិរី បណ្ដាលឲ្យប៉ះពាល់ផ្ទះរបស់ពលរដ្ឋចំនួន ២ឃុំ សរុប១៧ភូមិ ស្មើនឹង១៨៣០គ្រួសារ ប៉ះពាល់ដំណាំស្រូវជាង ២ពាន់ហិកតា ដំណាំម្នាស់ជាង ៤០០ហិកតា និងដំណាំដំឡូមីជាង ១០០ហិកតា ខណៈដែលស្រុកសំពៅលូន ស្រុកភ្នំព្រឹក ស្រុកបវេល និងស្រុកសំឡូតជាដើម បានរងការប៉ះពាល់ផ្ទះ និងផលដំណាំអស់ជាច្រើនហិកតាផងដែរ ៕