ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ក្រសួងរកករណីវិជ្ជមាន វីរុសកូវីដ-១៩ថ្មី ចំនួន០១នាក់ថ្មីទៀត លើស្ត្រីជនជាតិបារាំង អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់ នៅសណ្ឋាគារមួយ ក្នុងខេត្តព្រះសីហនុ ជា អ្នកធ្វើដំណើរពីប្រទេសបារាំង ដោយបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃ ទី០៨ ខែតុលា ឆ្នាំ២០២០ និងមិនមានករណីជាសះស្បើយនោះទេ ។
លទ្ធផលធ្វើតេស្តវត្ថុ សំណាករបស់គាត់ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះ ជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៥៩នាក់ (ស្រី ១៨នាក់) ដែលក្នុងចំនួននេះ មានស្ត្រីជនជាតិបារាំងអាយុ ៣៣ឆ្នាំខាងលើ។ រីឯអ្នកដំណើរចំនួន៥៨នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅវិទ្យាល័យបូរី១០០ខ្នងចំនួន០៦នាក់ និងសណ្ឋាគារមួយចំនួន នៅរាជធានីភ្នំពេញចំនួន ៥២នាក់ ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមធ្វើការកែតម្រូវនូវព័ត៌មានរបស់បុរសជនជាតិខ្មែរអាយុ២៩ឆ្នាំ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានផ្សាយនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២០ថា បុរសរូបនេះបានធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូង ប៉ុន្តែតាមការសួរបញ្ជាក់ពីសាមីខ្លួនឡើងវិញ គឺបុរសរូបនេះជាអ្នកធ្វើដំណើរមកពីប្រទេសជប៉ុន ហើយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។
សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ សរុបចំនួន២៨៣នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុបចំនួន ២៧៧នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យរដ្ឋចំនួន០៦នាក់ ៕