រដ្ឋបាលខេត្តព្រះសីហនុ ប្រាប់ពលរដ្ឋឲ្យប្រុងប្រយ័ត្ន ខណៈអាចមានភ្លៀងធ្លាក់ច្រើន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង

0

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ អ្នកនេសាទ និងភ្ញៀវទេសចរជាតិ-អន្ដរជាតិ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលធ្វើដំណើរលើផ្ទៃសមុទ្រ ទាំងការចេញទៅនេសាទ និងដើរកំសាន្ដ ជាពិសេសអាចប្រឈមខ្ពស់ នឹងជំនន់ទឹកភ្លៀង ។ នេះយោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ។

បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា មានប្រព័ន្ធសម្ពាធទាប បានបន្តលាតសន្ធឹងឆ្លងកាត់ លើប្រទេសកម្ពុជា ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយ នៅលើសមុទ្យចិនខាងត្បូង ដែលអាចនឹងកើតមានជាវិសម្ពាធទាប ឬជាព្យុះ Tropical ដើរសំដៅឆ្ពោះចូលដល់លើ ភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃ៧ តុលា ។ ស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើបណ្ដាខេត្តស្ទើរទូទាំងប្រទេសកម្ពុជា អាចមានភ្លៀង និងខ្យល់កើនឡើង ក្នុងអំឡុងចាប់ពីថ្ងៃទី៧-៩ តុលា ។ ចំពោះខេត្តព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ច្រើន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ។ ជាមួយគ្នានេះ នៅមាត់សមុទ្រនិងលើផ្ទៃ សមុទ្រអាចមានភ្លៀងខ្យល់បោកបក់ខ្លាំង និងរលកខ្ពស់ៗ

ជាមួយគ្នានេះរដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវឲ្យសារធារណជន បងប្អូនប្រជាពលរដ្ឋ ប្រជានេសាទ និងភ្ញៀវទេសចរជាតិ-អន្ដរជាតិ បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ក្នុងការ ធ្វើដំណើរលើផ្ទៃសមុទ្រ ការចេញទៅនេសាទ និងការធ្វើដំណើរកំសាន្ដតាមមាត់សមុទ្រ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចនឹងកើតមានជាយថាហេតុ ៕