ភ្នំពេញ៖ សមត្ថកិច្ចនគរបាលនៃ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ក្រាបនៅក្នុងភោជនីយដ្ឋាន យីហោ ស៊ីនខាយសៀមិន បង្កប់ខារ៉ាអូខេ និងបម្រើសេវាផ្លូវភេទ កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឃាត់ខ្លួនមេក្លោង និងគូកនជនជាតិចិនចំនួន ៩នាក់ រឹបអូសគ្រឿងញៀនជាង ១២គីឡូក្រាម និងអាវុធខ្លី ៣ដើម និងបានកសាងសំណុំរឿងបញ្ជូន ទៅតុលាការ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនជាតិចិនផ្សេងទៀតពាក់ព័ន្ធករណី ប្រើប្រាស់គ្រឿងញៀន ដែលឃាត់ខ្លួនក្នុងភោជនីយដ្ឋាន ខាងលើនោះដែរ ជំនាញសុំគោលការណ៍ពីថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ដើម្បីបណ្ដេញចេញពីកម្ពុជា ។
សូមបញ្ជាក់ថា កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ក្រោមការបញ្ជារបស់អភិបាលខេត្ត និងមានការសម្របសម្រួល ពីតំណាងអយ្យការ បានបើកប្រតិបត្តិការចុះឆែកឆេរ នៅទីតាំងភោជនីយដ្ឋានមួយកន្លែងឈ្មោះយីហោ «ស៊ីនខាយសៀនមិន» ជាកម្មសិទ្ធិរបស់ឈ្មោះ BAO FANGZE ជនជាតិចិន ស្ថិតក្រុម១៦ ភូមិ៤ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ៕







