ភ្នំពេញ៖ ក្រោយពីមានសំណូមពរ ពីម្ចាស់សហគ្រាសធនតូច និងមធ្យម ពាក់ព័ន្ធនឹងសកម្មភាពរញីរញ៉ៃ របស់អ្នកកាសែតគ្មានវិជ្ជាជីវៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើឲ្យអ្នកកាសែតទាំងអស់ រួមគ្នាកម្ចាត់ឲ្យបានពួកទុច្ចរិតជ្រកក្រោម ផ្លាកសារព័ត៌មាន ដើម្បីសេចក្តីថ្លៃថ្នូរនៃ អ្នកសារព័ត៌មានវិជ្ជាជីវៈទាំងអស់ ក្នុងប្រទេសកម្ពុជា ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី៥ តុលានេះ លោករដ្ឋមន្ត្រីព័ត៌មាន បានមានប្រសាសន៍ថា នៅក្នុងការប្រជុំគណៈកម្មាធិការ សកម្មភាពគោលនយោបាយ លើកស្ទួយសហគ្រាសធុនតូច និង មធ្យម សំណូមពរជាច្រើនរបស់ ម្ចាស់សហគ្រាសធុនតូច និងមធ្យម គឺសកម្មភាពរញីរញ៉ៃ របស់អ្នកកាសែតគ្មានវិជ្ជាជីវៈ ពោលគឺអ្នកកាសែតអត់មានកាសែតចេញ អ្នកកាសែតមានតែកូនកាមេរ៉ាតូចមួយ ឬ ទូរសព្ទដៃមួយគ្រឿង ផ្សាយតាមហ្វេសប៊ុកដោយគ្មាន របៀបវារៈទៀងទាត់ តែទៀងទាត់ក្នុងការចុះសុំលុយ ផ្សាយអត់យល់ច្បាប់ពាណិជ្ជកម្ម និងលិខិតបទដ្ឋាន ឬ បច្ចេកទេសអីទាំងអស់ ដែលប៉ះពាល់យ៉ាងខ្លាំងដល់ មុខរបររបស់សហគ្រាសធុនតូច និងមធ្យម ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា អ្នកកាសែតទាំងអស់ នឹងខិតខំចៀសវាងពីការ ប្រព្រឹត្តបែបខាងលើ ហើយ រួមគ្នាកម្ចាត់អោយបាន ពួកទុច្ចរិតជ្រកក្រោមផ្លាកសារព័ត៌មាន ដើម្បីសេចក្តីថ្លៃថ្នូរនៃ អ្នកសារព័ត៌មានវិជ្ជាជីវៈទាំងអស់ក្នុងប្រទេសកម្ពុជាយើង ។ ខ្ញុំសូមរំលឹកសហសេវិកទាំងអស់ ពីសម្តីដែលខ្ញុំបានស្រង់ពីរឿង Animal Farm ដែលសត្វលើកពាក្យស្លោកថា «ជើង ៤ ល្អ ជើង ២ អាក្រក់» ៕