ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រាលចោលព័ត៌មាន ដែលចុះផ្សាយថា មានករណីឆក់ បណ្ដាលឲ្យស្រ្តីជនបរទេសម្នាក់ ធ្លាក់ពីលើកង់បីស្លាប់

0

ភ្នំពេញ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នេះបានធ្វើការបំភ្លឺ និងបដិសេធចំពោះហ្វេសបុកផេកឈ្មោះ San Prum និងផេ កមួយចំនួនទៀត ដែលបានផ្សាយព័ត៌មានមិនពិត ជុំវិញករណីស្ត្រីជនបរទេសម្នាក់ បានធ្លាក់ពីលើម៉ូតូកង់បី រងរបួសស្រាល នៅខណ្ឌសែនសុខ។

យោងតាមអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺនិងបញ្ជាក់ជូន សាធារណជន ឲ្យបានជ្រាបថា នេះ ជាករណីចាស់ដែលបាន កើតឡើងតាំងពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខវត្តឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

គណនីហ្វេសបុក ឬផេកមួយចំនួនដែលតែងតែ យកព័ត៌មានចាស់មកផុស បំភ្លើសការពិត ក្នុងគោលបំណងអាក្រក់ ដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅ មានការយល់ច្រឡំ ជាពិសេសក្នុងគោលបំណង បំពុលបរិយាកាសសង្គម ឬក៏មានបំណងអាក្រក់ដើម្បីបង្ក អសន្តិសុខដល់សង្គមជាតិផងដែរ ។

សូមបញ្ជាក់ថា ករណីខាងលើនេះ មិនមែនជាករណីឆក់នោះទេ ជនបរទេសបានធ្លាក់ពីលើ ម៉ូតូកង់បី រងរបួសស្រាល និងមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតដូច ផេកមួយចំនួន បានចុះផ្សាយខុសពីការពិតនោះទេ ៕