ប្លន់ពីតាកែវ តែមកត្រូវជាប់ខ្នោះ នៅក្រុងតាខ្មៅ

0

ភ្នំពេញ ៖ កងកម្លាំងនគរបាលក្រុងតាខ្មៅ បានចេញល្បាតជួបប្រទះ ជនល្មើស៥នាក់ ដែលទើបធ្វើសកម្មភាព យកដែកបំពង់ទីប វាយប្លន់យកម៉ូតូមួយគ្រឿង បានសម្រេច នៅចំណុចដើមទ្រាំង តាមផ្លូវជាតិលេខ៣ ក្នុងទឹកដីខេត្តតាកែវ ដោយដេញឃាត់ខ្លួន មកវិញបាន៤នាក់ និងរត់គេចខ្លួនម្នាក់ ។

សកម្មភាពវាយប្លន់ យកម៉ូតូនេះបាន កើតឡើងកាលពីវេលាម៉ោង១៥៖៥០នាទី រសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ នៅចំណុចដើមទ្រាំង ផ្លូវជាតិលេខ៣ ក្នុងទឹកដីខេត្តតាកែវ ។ សមត្ថកិច្ចអះអាងថា ជនរងគ្រោះ២នាក់ មិនស្គាល់អត្តសញ្ញាណ ។

ដោយឡែក ជនសង្ស័យ៥នាក់ រួមមាន ៖
ទី១-ឈ្មោះ ជា សិលា អាយុ២១ឆ្នាំ មានទីលំនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ,
ទី២-ឈ្មោះ ជា ផានិត អាយុ១៦ឆ្នាំ មានទីលំនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ,
ទី៣-ឈ្មោះ ពេជ្រ វិរៈ អាយុ១៥ឆ្នាំ មានទីលំនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ,
ទី៤-ឈ្មោះ សុផល វឌ្ឍនា អាយុ១៥ឆ្នាំ មានទីលំនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ និងជនល្មើសម្នាក់ទៀតគេចខ្លួនឈ្មោះ កក្កដា អាយុ១៧ឆ្នាំ ។

មធ្យោបាយធ្វើសកម្មភាព គឺក្រុមជនល្មើស ប្រើដំបងទីបដែកវាយ។ ចំពោះសម្ភារបាត់បង់វិញ រួមមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ គ្មានស្លាកលេខជាម៉ូតូជនរងគ្រោះ និង វត្ថុតាងចាប់យក រួមមានម៉ូតូ២គ្រឿង ជារបស់ក្រុមជនល្មើស ។

លោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ថ្លែងប្រាប់ថា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៩៖៣០នាទីយប់ កងកម្លាំងនគរបាលក្រុងតាខ្មៅ បានចេញល្បាតដល់ចំណុចមុខសាលាបឋមសិក្សាព្រែកសំរោង ស្រាប់តែឃើញមានមនុស្ស៥នាក់និងម៉ូតូ២គ្រឿងកំពុងនៅជុំគ្នា ។

ពេលឃើញសមត្ថកិច្ចជនសង្ស័យ បានជិះម៉ូតូគេចខ្លួន ។ ពេលនោះកងកម្លាំងបានជិះម៉ូតូដេញ តាមរហូតឃាត់ខ្លួន បានជនសង្ស័យ៤នាក់ និងម៉ូតូ២គ្រឿង យកមកអធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួកទើប វាយប្លន់បានម៉ូតូមួយគ្រឿង នៅចំណុចដើមទ្រាំង ផ្លូវជាតិលេខ៣ ក្នុងទឹកដីខេត្តតាកែវ ហើយមករកម៉ូយទិញក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានតែម្តង ។

ដោយឡែកជនសង្ស័យ ឈ្មោះ ជា សិលា បានសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាព បាន៣លើករួចមកហើយ គឺលើកទី១និងលើកទី២នៅស្រុកស្អាង ខេត្តកណ្តាល យកបានម៉ូតូម៉ាក Nexចំនួន២គ្រឿងមានគ្នា៦នាក់ មានឈ្មោះ ណាក់ និង លាភ និង៣នាក់ទៀតមិនស្គាល់ឈ្មោះ និង លើកទី៣ធ្វើនៅដើមទ្រាំង ទឹកដីខេត្តតាកែវ ជាមួយឈ្មោះ ណាក់ បានម៉ូតូម៉ាកNex មួយគ្រឿង ហើយលើកនេះខ្លួន មិនបានចូលរួម ធ្វើសកម្មភាពទេ តែជួយរកម៉ូយទិញម៉ូតូ ដែលបក្ខពួកខ្លួន វាយប្លន់បាន ។

ក្រោយធ្វើការសាកសួររួច ជនសង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕