ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ ទី ចំរើនកុសល នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហោះវីដេអូ ដែលលោកជួបផ្ទាល់ ដោយត្រូវមន្ត្រីជាប់កិច្ចសន្យា របស់សាលារាជធានីភ្នំពេញ ហៅឃាត់រថយន្ត របស់លោកឈប់ ក្នុងការធ្វើការត្រួតពិនិត្យ ផាកពិន័យ ដែលខុសពីច្បាប់ ដែលមន្ត្រីជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ មានសិទ្ធិជួយសំរួលចរាចរណ៍ មិនមានសិទ្ធធ្វើការឃាត់ផាកពិន័យដូចមន្ត្រីនគរបាលចរាចរណ៍ឡើយ។
លោកឧត្ដមសេនីយ៍ ទី ចំរើនកុសល បានមានការលើកឡើង នៅ លើ ទំព័រហ្វេសប៊ុក ដោយមានខ្លឹមសាររៀបរាប់ទាំងស្រុងថា «សូមចំណាំ !!! គាត់មិនមែនជានគរបាលចរចរណ៍ទេ។ គាត់គឺជាមន្ត្រីជាប់កិច្ចសន្យា របស់សាលារាជធានីភ្នំពេញ។ ចំណុចសម្គាល់ គឺគ្មានពាក់សក្តិលើស្មា គ្មានស្លាកសញ្ញានគរបាលនៅលើសម្លៀកបំពាក់។ តើតួនាទី និងភារកិច្ចរបស់មន្ត្រីជាប់កិច្ចសន្យា ធ្វើអ្វីខ្លះ? គឺជួយសហការជាមួយ នគរបាលចរាចរណ៍ ដើម្បីសម្រួលចរាចរណ៍ តែគ្មានសិទ្ធិ ចេញមកបញ្ឈប់រាល់យានយន្ត ដែលល្មើសនឹងច្បាប់ចរាចរណ៍ នៅលើដងផ្លូវសាធារណៈ ដោយឯកឯងដូច នៅក្នុងវីដេអូនេះបានទេ។ រូបភាពនេះកើតឡើង កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ មកម៉្លេះ ហើយខ្ញុំបានរាយការណ៍ ជូនថ្នាក់ដឹកនាំរួចហើយដែរ ថ្នាក់ដឹកនាំក៏កំពុង ដាក់វិន័យបុគ្គលនេះតាមរូបភាព បញ្ឈរជើង នៅការិយាល័យ នគរបាលចរាចរណ៍ ផ្លូវគោករាជធានី ។»
ជាមួយគ្នានេះលោកឧត្ដមសេនីយ៍ ទី ចំរើនកុសល ក៏សូមអំពាវនាវ ដល់មន្ត្រីជាប់កិច្ចសន្យា របស់សាលារាជធានីភ្នំពេញទាំងអស់ ដែលកំពុងសហការ ជួយនគរបាលចរាចរណ៍ តាមគោលដៅនានា ក្នុងរាជធានីភ្នំពេញ សូមបញ្ឈប់ សកម្មភាព ចេញហៅឬឃាត់ ឬបញ្ឈប់រាល់យានយន្ត ដែលល្មើសច្បាប់ចរាចរណ៍ នៅលើដងផ្លូវសាធារណៈ ដោយឯកឯងតទៅទៀត ពីព្រោះអស់លោក លោកស្រី នាងកញ្ញា មិនមែនជា នគរបាលចរាចរណ៍ទេ៕