ភ្នំពេញ៖ រថយន្តធុនធំ មិនចាំម៉ាកបានបើកបុក យុវជនម្នាក់ពីក្រោយទាំងកំរោល បណ្ដាលឲ្យស្លាប់ភ្លាមៗ រួចក៏ជ្រុលទៅបុករឺម៉កកង់បីក្រឡាប់ផ្ងាជើង ។ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១៖៤០នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខក្រុមហ៊ុនហុងដា តាមបណ្តោយផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ កង សុភ័ក្រ ភេទប្រុសអាយុ ២៧ឆ្នាំ មានស្រុកកំណើត នៅភូមិក្តុល ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។
បើតាមប្រភពអ្នករត់កង់បី បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ បានធ្វើដំណើរតាមបណ្តោយផ្លូវចោមចៅ ក្នុងទិសដៅពីលិចទៅកើត ចំណែកសពជនរងគ្រោះជិះម៉ូតូម៉ាកនិច ពណ៍ខ្មៅ ពាក់ស្លាកលេខតាកែវ 1M-7343 ធ្វើដំណើរមកពីក្រោយគាត់ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំមិនចាំម៉ាក មិនចាំស្លាកលេខមួយគ្រឿង ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន ក៏ជ្រុលបុកម៉ូតូ និងកិនជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង។ បន្ទាប់មករថយន្ត មិនទាន់អស់ល្បឿន ក៏បន្តមកបុកម៉ូតូសណ្ដោងរ៉ឺម៉កគាត់ថែមទៀត បណ្តាលឲ្យក្រឡាប់ផ្ងាជើង នឹងរងរបួសស្រាល ភ្លាមៗនោះរថយន្តបង្កបាន បើកគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកដល់កន្លែងកើតហេតុ និងសម្រួលចរាចរណ៍ទាក់ទង ទៅជំនាញមកធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះ រួមម៉ូតូរ៉ឺម៉កកង់បីទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ រង់ចាំស្រាវជ្រាវតាមចាប់រថយន្តបង្ក យកមកដោះស្រាយតាមច្បាប់ ចំណែកសពត្រូវបានស្វែងរកសាច់ញាតិ មកទទួលដើម្បីយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕



