សូមប្រុងប្រយ័ត្ន! ស្រ្តីម្នាក់ពុលគីង្គក់ ស្លាប់នៅខេត្តរតនគិរី

0

ភ្នំពេញ៖ ស្រ្តីវ័យ៤៥ឆ្នាំ ជាជនជាតិទំពួន ម្នាក់ ត្រូវបានសមត្ថកិច្ច អះអាងថាស្លាប់ ដោយសារបរិភោគសត្វគីង្គក់ ធ្វើជាអាហារ កាលពីវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅ ភូមិកាតែ ឃុំម៉ាលិក ស្រុកអណ្ដូងមាស ខេត្តរតនគិរី។

បើតាមការបញ្ជាក់ ពីអាជ្ញាធរស្រុកអណ្ដូងមាស បានប្រាប់ឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មាននេះភ្លាម កម្លាំងជំនាញ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានចុះដល់ផ្ទះប្រជាពលរដ្ឋ រងគ្រោះខាងលើ ពិនិត្យឃើញមានក្អួត រាគរូស បែកពពុះមាត់ ដោយសារហូបសត្វគីង្គក់ ធ្វើជាម្ហូប។

ជនរងគ្រោះមានឈ្មោះ រចំ យូង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិទំពួន មានទីលំនៅ ភូមិកាតែ ឃុំម៉ាលិក ស្រុក អណ្ដូងមាស (តាមការបញ្ជាក់ ពីបងប្អូនជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានសតិមិនគ្រប់គ្រាន់)។
ក្រោយពីបានធ្វើកោសល្យវិច័យ សាកសពរួចមក អាជ្ញាធរស្រុក និងកម្លាំងជំនាញនគរបាលប៉ុស្តិ៍រដ្ឋបាល បានប្រគល់សាកសពជនរងគ្រោះឲ្យទៅគ្រួសារ ធ្វើបុណ្យតាមប្រពៃណីរួចរាល់ហើយ ៕