ភ្នំពេញ៖ ដោយសារតែរឿងស្នេហាត្រីកោណ បុរសម្នាក់ដាច់ចិត្តលើកដៃ ចាក់សម្លាប់នារីម្នាក់ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម រួចហើយក៏ចូលសារភាព ដោយខ្លួនឯង ។ អំពើឃាតកម្មនេះ បានកើតឡើងកាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១១៥ កែង១១៧ ភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
បុរសជាឃាតកមានឈ្មោះ សុខ សោភ័ណ្ឌ អាយុ៣៨ឆ្នាំ ចំណែកនារីរងគ្រោះមានឈ្មោះ កៅ ស្រីកែវ អាយុ២៦ឆ្នាំ ។
លោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា អំពើឃាតកម្មនេះ គឺកើតឡើងពីរឿងស្នេហាត្រីកោណ ខណៈឃាតកបានស្រលាញ់គ្នា ជាមួយនារីរងគ្រោះ ។ ប៉ុន្តែនារីរងគ្រោះ បែរជាមានស្នេហាមួយទៀត ទើបឃាតកប្រព្រឹត្តបទល្មើស ចាក់សម្លាប់នារីរងគ្រោះតែម្តង ។
ក្រោយកើតហេតុ រួចឃាតកបានចូលទៅសារភាព នៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង តែដោយសារករណីនេះ កើតឡើងនៅក្រុងតាខ្មៅ ទើបសមត្ថកិច្ចកំពុងសាកសួរ បន្តតាមនីតិវិធី ។
នារីរងគ្រោះ ត្រូវបានឃាតកចាក់សម្លាប់ចំនួន ៣កន្លែង គឺចំពីមុខ ១កាំបិត និងក្រោយខ្នង ២កាំបិត បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ៕




