សម្ដេច ស ខេង វាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈអ្នកស្លាប់ និងរបួសថយចុះគួរឲ្យកត់សម្គាល់

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផលនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងរយៈពេល ៩ខែ ដែលអត្រាស្លាប់ និងរងបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះគួរឲ្យកត់សំគាល់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។

សម្ដេច ស ខេង បានសររសេរលើ បណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១ តុលាថា របាយការណ៍បានបង្ហាញថា ក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងសរុបចំនួន ២៤៣០លើក ថយចុះ ៧២៩លើក ស្មើនឹង ២៣,០៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០១៩។ រយៈពេល៩ខែ កាលពីឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង រហូតដល់ទៅ ៣១៥៩លើក។

អត្រាគ្រោះថ្នាក់ថយចុះ ធ្វើឲ្យអត្រាអ្នកស្លាប់ក៏បានថយចុះ! នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលថយចុះមកនៅត្រឹម ២៤៣០លើកនេះ បានធ្វើឱ្យចំនួនអ្នកស្លាប់ថយចុះ ២៦៤នាក់ ស្មើនឹង១៧,៣៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។ រយៈពេល៩ខែ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានបណ្ដាលឲ្យ មានអ្នកស្លាប់ចំនួន ១៥២១នាក់។

ចំណែកអត្រាអ្នករងរបួស ដោយសារគ្រោះថ្នាក់ចរាណ៍វិញ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ អ្នករងបួសមានចំនួន ៣៦៦៣នាក់ បានថយចុះ ១០៥៨នាក់ ស្មើនឹង២២,៤១ភាគរយ បើធៀបនឹងរយៈពេល៩ខែ ដូចគ្នាកាលឆ្នាំ២០១៩ ដែលអ្នករងបួសដោយសារ គ្រោះថ្នាក់ចរាចរណ៍ពេលនោះ មានរហូតដល់ទៅ ៤៧២១នាក់។

ផ្អែកលើលទ្ធផលនេះ សម្ដេច ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះស្មារតីយកចិត្តទុកដាក់ បំពេញភារកិច្ចដឹកនាំ ការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកទាំងយប់ ទាំងថ្ងៃ ដោយគ្មានការនឿយហត់ របស់ថ្នាក់ដឹកនាំ និងមន្រ្តីកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីខេត្ត។

សម្ដេចក្សឡាហោម ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនជនរួមជាតិទាំងមូល និងអ្នកបញ្ជាមធ្យោបាយ ធ្វើដំណើរគ្រប់ប្រភេទទាំងអស់ ដែលបានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងខ្ជាប់ខ្ជួន និងគ្រប់ពេលធ្វើដំណើរ ធ្វើឲ្យអត្រាគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះគួរឲ្យកត់សំគាល់ជាបន្តបន្ទាប់។

ឆ្លៀតនៅក្នុងឱកាសនេះ សម្ដេចក៏បន្តការអំពាវនាវ ដល់ប្អូនជនរួមជាតិទាំងអស់! អំពាវនាវដល់អ្នកបញ្ជាយានយន្តទាំងអស់! សូមប្រកាន់ខ្ជាប់នូវស្មារតី បើកបរដោយការគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នគ្រប់ពេលវេលា និងសូមស្នើថ្នាក់ដឹកនាំ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បន្ត បំពេញភារកិច្ចដ៏ថ្លៃថ្លាក្នុងការរក្សាសុវត្ថិភាព ចរាចរណ៍ជូនប្រជាពលរដ្ឋ និងបន្តផ្តល់ការលើកទឹកចិត្ត ដល់មន្ត្រីដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ៕