ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានថ្លែងថា ការបង់ពន្ធជូនរដ្ឋ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋ ប៉ុន្តែ បើប្រមូលពន្ធ ស្របពេលដែលពលរដ្ឋខ្មែរ ជួបវិបត្តិ ប្រាក់ចំណូល និងហួសបរិមាណ គឺជាការចាប់បង្ខំឲ្យ មេមាន់ប្រឹងបង្កើតពង ដើម្បីយកមកស្ងោស៊ីតែម្តង ។
លោក ពេជ្រ ស្រស់ បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី១ តុលានេះថា «ការបង់ពន្ធជូនរដ្ឋ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋ ប៉ុន្តែ បើប្រមូលពន្ធស្របពេលដែល ពលរដ្ឋខ្មែរ ជួបវិបត្តិប្រាក់ចំណូល និងហួសបរិមាណ គឺជាការចាប់បង្ខំឲ្យ មេមាន់ប្រឹងបង្កើតពង ដើម្បីយកមកស្ងោស៊ីតែម្តង។ ដំរីចុះលេងទឹកសប្បាយ ប៉ុន្តែអន្តរាយដល់ក្តាមខ្យង» ។
ទន្ទឹមគ្នានេះដែរ កាលពីម្សិលមិញ លោក ពេជ្រ ស្រស់ ក៏បានលើកឡើងដែរថា លោកនឹងធ្វើលិខិត អញ្ជើញប្រតិភូរបស់ក្រសួងសេដ្ឋកិច្ច ដើម្បីមកបំភ្លឺ ក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជុំវិញករណី នៃការប្រមូលយកពន្ធ ២០% លើ ប្រាក់ចំណេញពីការលក់អចលនទ្រព្យ របស់ពលរដ្ឋ ។
សូមរំលឹកថា លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា «តាមពិតរាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឲ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធនេះ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែដោយសារតែយើងខ្ញុំត្រូវការ ពេលវេលាដើម្បីធ្វើការផ្សព្វផ្សាយ ដូច្នេះមានការពន្យារពេល នៃការអនុវត្តលើពន្ធលើចំណេញមូលធននេះ ទៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១វិញ»។
លោកបន្តថា សម្រាប់ពន្ធលើចំណេញមូលធននេះ មិនមែនជាការបង្កើតពន្ធថ្មីនោះឡើយ។ ពន្ធនេះមានក្នុងច្បាប់ថវិកា ឆ្នាំ២០១០មកម្ល៉េះ ប៉ុន្តែរាជរដ្ឋាភិបាលអនុញ្ញាតឲ្យ ពន្យារពេលដល់ឆ្នាំ២០២០នេះ ៕